ក្រុមអភិរក្សព្រួយបារម្ភបន្ទាប់ពីប្រទះឃើញសត្វទាកាបព្រៃ ២ក្បាល ងាប់នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅដោយការបំពុល
ភ្នំពេញ៖ សត្វទាកាបព្រៃដែលជាសត្វដ៏កម្របំផុតមួយនាពេលបច្ចុប្បន្នចំនួន២ក្បាលនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ បានស្លាប់ដោយការបំពុល ។ជាមួយនឹងវត្តមានការបំពុលលើសត្វកម្រនេះ ក្រុមអភិរក្សបង្ហាញនូវការព្រួយបារម្ភចំពោះគ្រោះថ្នាក់ដល់សត្វកម្រនៅតំបន់នេះបើការបំពុលនៅតែបន្តកើតមាន។
អាន៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)បានឱ្យដឹងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ថាក្រុមអភិរក្សបានប្រទះឃើញករណីបំពុលសត្វស្លាប ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ក្នុងនេះគេបាន ប្រទះសាកសពសត្វទាកាបព្រៃចំនួន២ក្បាល អណ្តែតទឹកក្នុងអាងគ្រប់គ្រងទឹកនៃតំបន់ការពារ រួមជាមួយកួរស្រូវដែលមានជាប់ថ្នាំពុលដាក់ពង្រាយក្នុងផ្ទៃអាងគ្រប់គ្រងទឹក។
ប្រភពដដែលបន្តថា ក្រោយការពិនិត្យនិងប្រមូលភស្តុតាង ដោយ ក្រុមការងារបានធ្វើសំណាកតាមបច្ចេកទេសការអង្កេតតាមដានសុខភាពសត្វព្រៃរួចរាល់ដើម្បីបញ្ជូនទៅក្រុមការងារបច្ចេកទេសសុខភាពសត្វព្រៃអង្គការ WCS ខណៈសាកសពសត្វទាកាបព្រៃទាំង ២ក្បាលត្រូវបានដុតបំផ្លាញចោល។ រីឯជនសង្ស័យកម្លាំងឧទ្យានុរក្សបាននិងកំពុងស៊ើបអង្គេតនិងកំណត់អត្តសញ្ញាណ។
សូមជម្រាបថា ទាកាបព្រៃទាំង២ក្បាលនេះ ត្រូវបានគេប្រទះឃើញបំពុលកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។ អង្គការដដែលបានហៅការបំពុលមានផលប៉ះពាល់ធ្ងន់ធ្ងរណាស់ វាអាចសម្លាប់សត្វក្នុងចំនួនយ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លី រួមទាំងសត្វកម្រនិងជិតផុតពូជដូចជាសត្វក្រៀលជាដើម។
បើតាមការសង្កេតនៃការបំពុលនេះ ជនល្មើសមានបំណងចាប់សត្វយកទៅបរិភោគឬយកទៅលក់នៅលើទីផ្សារ បើសិនមនុស្សបរិភោគសាច់សត្វដែលត្រូវបានបំពុលនេះនឹងប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។
អង្គការជីវិតធម្មជាតិនៅកម្ពុជា និង ឧទ្យានុរក្សនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅមានការព្រួយបារម្ភពីសកម្មភាពបំពុលនេះជាខ្លាំង និងបានអំពាវនាវដល់អជ្ញាធរមូលដ្ឋានក្នុងស្រុកបុរីជលសារនិងស្រុកកោះអណ្តែតនៃខេត្តតាកែវ មេត្តាជួយគាំទ្រក្នុងស៊ើបអង្កេតតាមដានរកជនល្មើស និងទប់ស្កាត់សកម្មភាពខុសច្បាប់នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។
គប្បីជម្រាបជូនថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅគឺជាតំបន់ដ៏ពិសេសរបស់ខេត្តតាកែវក្នុងការគាំទ្របក្សីជាច្រើនប្រភេទ ជាពិសេសសត្វក្រៀល និងសត្វចាប់ព្រៃវែងដែលជាសត្វកំពុងរងគ្រោះជិតផុតពូជ។សត្វស្លាបដែលរស់នៅទីនោះមានជាច្រើនប្រភេទរាប់ម៉ឺនក្បាលសម្រាប់ពង និងបន្តពូជ មានដូចជា ត្រដក់ធំ សត្វចាបព្រៃវែង រនាលពណ៌ ត្រយងខ្លួនស, ទុងប្រផេះ, ស្មោញ និងសត្វក្រៀល ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជបំផុត ។
ទីនោះក៏ជាទីទាក់ទាញទេសចរដែលនិយមទស្សនាសត្វកម្រ និងជិតផុតពូជផងដែរ ចន្លោះពីខែតុលា ដល់ខែកុម្ភៈ ដោយសារតែមានទឹកបរិបូរណ៍។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅមានទេសភាពបែបធម្មជាតិដ៏ស្រស់ត្រកាលគួរជាទីគយគន់៕
ដោយ៖ម៉ាដេប៉ូ



