ប្រធានាធិបតីរុស្ស៊ីអះអាងថា បញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េអាចដោះស្រាយបាន មានតែតាមរយៈផ្លូវទូត និងនយោបាយតែមួយគត់
រុស្ស៊ី៖ បញ្ហាអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េអាចដោះស្រាយទៅបាន មានតែតាមរយៈមធ្យោបាយការទូត និងដោយសន្តិវិធីតែមួយគត់ប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្រោយជួបពិភាក្សាការងារជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងថ្ងៃព្រហស្បតិ៍តនេះ នៅកោះរ៉ាស់ស្កាយ ទីក្រុងវ្ល៉ាឌីវ៉ូស្តូក ស្ថិតនៅភាគខាងកើតបំផុតនៃប្រទេសរុស្ស៊ី។
ស្របពេលជាមួយគ្នានោះដែរ លោក គីម ជុងអ៊ុន ក៏បានសង្កត់ធ្ងន់ដែរថា រូបលោក និងលោក ពូទីន បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កា ស្តីអំពីមធ្យោបាយដោះស្រាយបញ្ហានុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េដោយសន្តិវិធី និងការពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ជាមួយការរំពឹងថា កិច្ចចរចារបស់មេដឹកនាំទាំងពីរ នឹងបន្តទៅមុខប្រកបដោយលក្ខណៈស្ថាបនា។
សូមរំលឹកថា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើដំណើរតាមរថភ្លើងទៅដល់កោះរ៉ាស់ស្កាយ ទីក្រុងវ្ល៉ាឌីវ៉ូស្តូក កាលពីថ្ងៃពុធសប្តាហ៍នេះ ហើយជំនួបរវាងលោក និងលោក ពូទីន គឺជាជំនួបលើកដំបូងបំផុត ក៏ដូចជាដំណើរទស្សនកិច្ចលើកទីមួយរបស់លោក មកកាន់ប្រទេសរុស្ស៊ី ខណៈឪពុករបស់លោក គឺលោក គីម ជុងអ៊ីល ធ្លាប់បានមកទស្សនកិច្ច០៣ដងនៅរុស្ស៊ី ដោយលើកចុងក្រោយកាលពីឆ្នាំ២០១១៕ធ.ដ