សម្តេចតេជោ ហ៊ុន សែន ជំរុញបន្ថែមឱ្យអាជ្ញាធរ ក៏ដូចជាកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ឡាវ ធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណារក្សានូវសន្តិភាពសន្តិសុខតាមព្រំដែនឱ្យបានកាន់តែល្អប្រសើរ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញបន្ថែមឱ្យអាជ្ញាធរ ក៏ដូចជាកងទ័ពនៃប្រទេសទាំងពីរ ធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណារក្សានូវសន្តិភាពសន្តិសុខតាមព្រំដែននេះឱ្យបានកាន់តែល្អប្រសើរ។ សម្ដេចតេជោក៏បានផ្ដល់យោបល់ឱ្យធ្វើកិច្ចសហប្រតិបត្តិការតាមព្រំដែន នៅក្នុងក្របខ័ណ្ឌនៃការពង្រីកទំនាក់ទំនងល្អ ដូចជាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។ ការជំរុញនេះ ក្នុងឱកាសអនុញ្ញាតជូន ឯកឧត្ដមឧត្ដមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) អនុរដ្ឋមន្ដ្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។
ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្ដមអនុរដ្ឋមន្ដ្រីក្រសួងការពារជាតិ រួមទាំងប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ សម្ដេចតេជោបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្ដមអនុរដ្ឋមន្ដ្រីការពារជាតិឡាវ មកកាន់កម្ពុជាក្នុងឱកាសនេះ នឹងក្លាយជាចលករដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងឡាវឱ្យកាន់តែរីកចម្រើនបន្ថែម ហើយនិយាយដោយឡែក គឺទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។
ក្នុងឱកាសនោះ សម្ដេចតេជោ បានលើកឡើងថា ថ្មីៗនេះ ថ្នាក់ដឹកនាំកំពូលរបស់ឡាវគឺ ឯកឧត្ដម ថងលូន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រមុខរដ្ឋរបស់ឡាវ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលជាចំណុចដ៏សំខាន់នៃការឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងឡាវនាពេលបច្ចុប្បន្ន។
ក្នុងឱកាសនោះ ឯកឧត្ដមអនុរដ្ឋមន្ដ្រីការពារជាតិឡាវ បានលើកឡើងពីទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា និងឡាវ នាពេលបច្ចុប្បន្ន ជាពិសេសសង្កត់ធ្ងន់លើទំនាក់ទំនងក្នុងវិស័យការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរ ហើយឯកឧត្ដមបានប្ដេជ្ញាថា នឹងខិតខំប្រឹងប្រែងពូនជ្រុំនៃទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្តទៀត។ ឯកឧត្ដមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតាមព្រំដែន ដែលជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយមានសុខសន្តិភាព និងសុវត្ថិភាពជាមួយគ្នាបានល្អ តាមរយៈការសហការរវាងប្រទេសទាំងពីរ ក៏ដូចជាកងទ័ព អាជ្ញាធរ នៃប្រទេសទាំងពីរផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមក៏បានរាយការណ៍ជូនសម្ដេចតេជោ អំពីសកម្មភាព ក៏ដូចជា កិច្ចសហប្រតិបត្តិការ ដោយឯកឧត្ដមបានជួបពិភាក្សាជាមួយនឹងឯកឧត្ដមអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទកម្ពុជា រួមទាំងរដ្ឋមន្ត្រីការពារជាតិកម្ពុជា ក្នុងពេលឯកឧត្ដមបំពេញទស្សនកិច្ចនៅកម្ពុជា ដែលជាកត្តាដ៏សំខាន់ក្នុងការដាក់ចេញនូវផែនការពង្រីកនូវទំនាក់ទំនងទ្វេភាគី ក្នុងក្របខ័ណ្ឌកងទ័ពកម្ពុជា និងកងទ័ពប្រជាជនឡាវ។
សម្ដេចតេជោ បានសម្ដែងនូវក្ដីរីករាយចំពោះរបាយការណ៍ ក៏ដូចជាលទ្ធផលដែលឯកឧត្ដមបានបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងទ័ពរបស់កម្ពុជា ដែលជាចំណុចដ៏សំខាន់ ក្នុងការពង្រីកបន្ថែមទៀត នូវទំនាក់ទំនងរវាងកងទ័ព នៃប្រទេសទាំងពីរ សម្ដេចតេជោក៏បានជំរុញបន្ថែមឱ្យវិស័យការពារជាតិ ក៏ដូចជាកងទ័ពកម្ពុជា និងឡាវ ពង្រីកនូវការចែករំលែកបទពិសោធន៍គ្នាក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរវាងគ្នាទៅវិញទៅមកឱ្យកាន់តែផុលផុស និងមានចំនួនច្រើនជាងមុន តាមរយៈការផ្ដល់អាហារូបករណ៍ក្នុងវិស័យការពារជាតិ ដើម្បីជាផ្នែកក្នុងការរុញច្រាននៃការបណ្ដុះបណ្ដាលមូលធនមនុស្ស នៅក្នុងវិស័យការពារជាតិនេះ ឱ្យកាន់តែរីកចម្រើនសម្រាប់ប្រទេសទាំងពីរ។
សម្ដេចតេជោ ក៏រីករាយដែលឃើញកិច្ចសហប្រតិបត្តិការល្អនៅតាមព្រំដែន រវាងកម្ពុជា និងឡាវ មានជាមួយគ្នាក្នុងពេលកន្លងមក ហើយសម្ដេចបានជំរុញបន្ថែមឱ្យអាជ្ញាធរ ក៏ដូចជាកងទ័ពនៃប្រទេសទាំងពីរ ធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណារក្សានូវសន្តិភាពសន្តិសុខតាមព្រំដែននេះឱ្យបានកាន់តែល្អប្រសើរ។ សម្ដេចតេជោក៏បានផ្ដល់យោបល់ឱ្យធ្វើកិច្ចសហប្រតិបត្តិការតាមព្រំដែន នៅក្នុងក្របខ័ណ្ឌនៃការពង្រីកទំនាក់ទំនងល្អ ដូចជាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាដើម ប៉ុន្តែលើសពីនេះ សម្ដេចតេជោ ក៏ចង់ឃើញកិច្ចសហប្រតិបត្តិការសម្រាប់គ្រប់គ្រងគ្រោះមហន្តរាយនៅតាមព្រំដែនដូចជា ទឹកជំនន់ ភ្លើងឆេះព្រៃជាដើម ដើម្បីឱ្យកិច្ចសហប្រតិបត្តិការតាមព្រំដែនរបស់កម្ពុជា និងឡាវ មានគ្រប់ទម្រង់ និងកាន់តែស៊ីជម្រៅបន្ថែមទៀត។ សម្ដេចតេជោ ក៏បានចែករំលែកបទពិសោធន៍មួយចំនួនរបស់សម្ដេច នៅក្នុងការដឹកនាំ តាំងពីសម្ដេចនៅជាកងទ័ព រហូតដល់សម្ដេចបានធ្វើជានាយករដ្ឋមន្ត្រី និងចាកចេញពីនាយករដ្ឋមន្ត្រី ជូនចំពោះប្រតិភូកងទ័ពប្រជាជនឡាវ។
ឯកឧត្ដមអនុរដ្ឋមន្ដ្រីបានអរគុណចំពោះសម្ដេចតេជោ ដែលបានចែករំលែកនូវបទពិសោធន៍ល្អៗជាច្រើនសម្រាប់រូបឯកឧត្ដមផ្ទាល់ និងប្រតិភូនៅពេលនេះ ឯកឧត្ដមបានចាត់ទុកបទពិសោធន៍របស់សម្ដេចតេជោដ៏ច្រើន និងដ៏ល្អនេះ គឺជាមេរៀនដ៏សំខាន់សម្រាប់រូបឯកឧត្ដមផ្ទាល់ និងប្រតិភូ ដើម្បីយកទៅសិក្សា និងឈ្វេងយល់បន្ថែមទៀត ជាពិសេសបានជាបទពិសោធន៍នៅក្នុងការអនុវត្ត៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចតេជោ ហ៊ុន សែន



