មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិស្រីលង្កា សម្រេចចិត្តលាលែងពីតំណែង ដើម្បីឆ្លើយតបនឹងករណីបំផ្ទុះគ្រាប់បែកផ្តាច់ជីវិតជិត៣៦០នាក់

ស្រីលង្កា៖ ដើម្បីជាការទទួលខុសត្រូវ ចំពោះករណីវាយប្រហារដោយបំផ្ទុះគ្រាប់បែកដ៏អាក្រក់នៅឯព្រះវិហារគ្រិស្ត និងសណ្ឋាគារជាច្រើនកាលពីថ្ងៃអាទិត្យកន្លងទៅ ដែលបានផ្តាច់ជីវិតកើនដល់៣៥៩នាក់ និងប្រមាណ៥០០នាក់ទៀតរងរបួសនោះ នៅទីបំផុតរដ្ឋលេខាធិការក្រសួងការពារជាតិស្រីលង្កា លោក Hamasiri Fernando បានសម្រេចលាលែងពីតួនាទីហើយ។

ទន្ទឹមនឹងការសម្រេចចិត្តនេះ លោក Fernando ក៏បានលើកឡើងថា បណ្តាទីភ្នាក់ងារការពារសន្តិសុខស្រីលង្កា បានខិតខំធ្វើការឆ្លើយតបយ៉ាងសកម្ម ចំពោះព័ត៌មានទាក់ទិននឹងគម្រោងនៃការវាយប្រហារ មុនពេលដែលការបំផ្ទុះគ្រាប់បែកអត្តឃាតទាំងនេះកើតឡើង ខណៈអះអាងនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលស្រីលង្កាក្នុងថ្ងៃដដែលនេះ បានប្រកាសទទួលស្គាល់ថា មានកំហុសឆ្គងដ៏សែនធំមួយក្នុងការទាក់ទង និងចែករំលែកព័ត៌មានសម្ងាត់នេះ ដែលតាមពិតអាចឲ្យស្ថាប័នសន្តិសុខស្រីលង្កាចាត់វិធានការចាំបាច់ ដើម្បីទប់ស្កាត់ឲ្យសោកនាដកម្មដ៏អាក្រក់នេះកើតឡើងបាន ឬមួយក៏យ៉ាងហោចណាស់អាចកាត់បន្ថយហានីភ័យបានមួយកម្រិតធំដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្នអាជ្ញាធស្រីលង្កាកំពុងបន្តការស៊ើបអង្កេតថា តើក្រុមភេរវករ ISIS ពិតជានៅពីក្រោយសកម្មភាពវាយប្រហារកាលពីថ្ងៃអាទិត្យ ដូចការអះអាងរបស់ពួកគេដែរឬយ៉ាងណា ស្របពេលក្រុមភេរវករក្នុងតំបន់ហៅថា National Thowheeth Jama’ath ត្រូវបានរដ្ឋាភិបាលស្រីលង្កាចោទប្រកាន់ថា ជាអ្នកប្រព្រឹត្ត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner