ចិនព្រមានបារាំង ក្រោយនាវាចម្បាំងមួយគ្រឿងចូលមកច្រកសមុទ្រតៃវ៉ាន់ កាលពីដើមខែមេសានេះ

ប៉េកាំង៖ រដ្ឋាភិបាលក្រុងប៉េកាំងបានដាក់កំណត់ទូតតវ៉ាជាផ្លូវការទៅកាន់ទីក្រុងប៉ារីស ស្របពេលដែលកងទ័ពជើងទឹកចិន បានព្រមានលើនាវាចម្បាំងបារាំងមួយគ្រឿង ដែលបានធ្វើដំណើរចូលមកកាន់ច្រកសមុទ្រតៃវ៉ាន់ កាលពីដើមខែមេសានេះ។

សូមរំលឹកថា កាលពីចុងខែមីនាកន្លងទៅនេះ នាវាពិឃាតអាម៉េរិក USS Curtis Wilbur ក៏បានធ្វើដំណើរនៅម្ដុំច្រកសមុទ្រតៃវ៉ាន់ផងដែរ ជាមួយការអះអាងថា នេះគឺជាការធ្វើនាវាចរជាទម្លាប់ អនុលោមតាមច្បាប់អន្តរជាតិ។ ក្រសួងការពារជាតិចិន បានគូសបញ្ជាក់ថា នាវាចម្បាំងមួយគ្រឿងរបស់បារាំង បានធ្វើដំណើរចូលមកកាន់ច្រកសមុទ្រតៃវ៉ាន់ដោយខុសច្បាប់ កាលពីថ្ងៃទី០៧ ខែមេសាកន្លងទៅ។

បើតាមក្រសួងការពារជាតិចិន ការធ្វើនាវាចរនៃនាវាចម្បាំងរបស់បារាំងនេះ បានកើតមានឡើងនៅចំពេលនាវាចម្បាំងរបស់អាម៉េរិក បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រជាបន្តបន្ទាប់ ហើយទង្វើនេះតែងតែត្រូវបានចិនថ្កោលទោសយ៉ាងខ្លាំង ដោយសារតែទីក្រុងប៉េកាំងចាត់ទុកថា តៃវ៉ាន់គ្រាន់តែខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner