ក្រសួងការបរទេសកម្ពុជាធ្វើបទបង្ហាញស្តីពីយុទ្ធនាការប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណែត ជូនអង្គទូតបរទេស

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំបទបង្ហាញស្តីពីយុទ្ធនាការប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណែត ជូនអង្គទូតបរទេស ក្រោមអធិបតីភាព ឯ.ឧ. ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណែត នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពីអង្គទូតចំនួន ២៥។

យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់តាំងពីឆ្នាំ២០២៥ ដល់ដំណាច់ខែមករា ឆ្នាំ២០២៦ សមត្ថកិច្ចបានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម Online Scams យ៉ាងសកម្ម ដោយបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រមាណ ៩ ៤០០នាក់ ស្មើនឹង ២២សញ្ជាតិ (រួមទាំងជនជាតិខ្មែរ) ក្នុងនោះ បណ្តេញចេញជាង ៨ពាន់នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការជិត ៤០០នាក់ និងបានធ្វើការអប់រំជាង ៤០០នាក់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ បានប្រាប់សារព័ត៌មានក្នុងស្រុកថា បញ្ហា Online Scam គឺជាវិបត្តិសកល ដែលបង្កឱ្យមានជនរងគ្រោះជាច្រើនដូចជា ការបាត់បង់ ទ្រព្យសម្បត្តិ រងគ្រោះដោយអំពើជួញដូរមនុស្សគ្រប់ទម្រង់ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការបង្ខាំង ដោយខុសច្បាប់ ឬជំរិតប្រាក់ និងពេលខ្លះជនរងគ្រោះត្រូវបានក្រុមឧក្រិដ្ឋជនសម្លាប់ និងខ្លះទៀតបង្ខំចិត្តធ្វើអត្តឃាតដោយសារទ្រាំមិនបាននឹងការធ្វើទារុណកម្ម។ល។ កម្ពុជាក៏ជាប្រទេសរងគ្រោះដោយសារឧក្រិដ្ឋកម្មទាំងនោះផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្ន សមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធ កំពុងបង្កើនសកម្មភាពយ៉ាងគគ្រឹកគគ្រេង និងធ្វើព្រមៗគ្នានៅទូទាំងប្រទេស ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ ក្រោមការចង្អុលដឹកនាំពីប្រមុខរាជរដ្ឋាភិបាល រួមទាំងយន្តការគ្រប់ជាន់ថ្នាក់ពីលើដល់មូលដ្ឋាន ដោយប្រើប្រាស់វិធានការត្រជាក់ និងវិធានការក្តៅដើរទន្ទឹមគ្នា។

ជាក់ស្តែង អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញនូវផែនការណែនាំស្តីពីការបោសសម្អាត សកម្មភាពល្មើសគ្រប់ប្រភេទ នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំជនបរទេស បន្ថែមទៀតកាលពីដើមខែមករា ឆ្នាំនេះ ហើយរដ្ឋបាលរាជធានី-ខេត្ត ក៏ដូចជាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានធ្វើផែនការ សកម្មភាពជាក់ស្តែង ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម Online Scams ឱ្យអស់នៅដំណាច់ខែមីនា ឆ្នាំ ២០២៦ខាងមុន៕

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner