ជប៉ុនផ្តល់១លានដុល្លារដើម្បីលើកកម្ពស់ការងារដល់ពលករកម្ពុជាមកពីថៃ
ប្រទេសជប៉ុនផ្តល់ថវិកាជំនួយប្រមាណ១លានដុល្លារដល់អង្គការពលកម្មអន្តរជាតិ (ILO) ដើម្បីគាំទ្រការអនុវត្តគម្រោង «លើកកម្ពស់មុខរបរ និងការងារដល់ពលករចំណាកស្រុកត្រឡប់មកវិញ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន»។
ការចុះហត្ថលេខាលើលិខិតប្តូរសារអំពីការផ្តល់ជំនួយឥតសំណងនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្ថានទូតជប៉ុន រវាងលោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អ៊ូអិណុ អាត់ស៊ូស៊ី និងលោកស្រី ស៊ាវយៀន ឈាន នាយិកាការិយាល័យអង្គការ ILO ប្រចាំកម្ពុជា ឡាវ និងថៃ ដោយមានការចូលរួមជាសាក្សីពីឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
គម្រោង១លានដុល្លារនេះនឹងត្រូវអនុវត្តរយៈពេល ២៤ខែ ក្រោមការដឹកនាំរបស់អង្គការ ILO និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការគាំទ្រពីក្រសួងការបរទេសជប៉ុន ដើម្បីជួយពលករចំណាកស្រុកឲ្យទទួលបានការងារសមរម្យ និងធ្វើសមាហរណកម្មចូលក្នុងសេដ្ឋកិច្ចក្នុងស្រុក តាមរយៈកញ្ចប់រួមគ្នានៃការគាំពារមុខរបរ ការងារ និងសេវាកម្មជំនាញ។
សកម្មភាពសំខាន់ៗក្នុងគម្រោងរួមមាន៖ ការបង្កើតមជ្ឈមណ្ឌលធនធានពលករចំណាកស្រុកថ្មីចំនួន ៣ ក្នុងខេត្តដែលមានពលករវិលត្រឡប់មកវិញច្រើន គឺខេត្តឧត្តរមានជ័យ ពោធិ៍សាត់ និងព្រះវិហារ ដើម្បីផ្តល់សេវាពិគ្រោះយោបល់ ការចុះផ្សព្វផ្សាយ ការប្រមូលទិន្នន័យ និងជំនួយផ្នែកច្បាប់។
កិច្ចការទាំងនេះនឹងគាំទ្រដល់ការឆ្លើយតបផ្នែកការងារ តាមរយៈការពិគ្រោះយោបល់ជាមួយនិយោជក និងអង្គការវិជ្ជាជីវៈកម្មករនិយោជិត ពិព័រណ៍ការងារនៅកម្រិតឃុំ/សង្កាត់ និងយុទ្ធនាការលើកកម្ពស់ការយល់ដឹងតាមគោលដៅ ជាពិសេសនៅក្នុងវិស័យប្រើប្រាស់កម្លាំងពលកម្មច្រើន ដូចជា៖ វិស័យកាត់ដេរ សំណង់ និងផលិតកម្ម។ ការពង្រឹងជំនាញ និងរៀនជំនាញថ្មីតាមតម្រូវការទីផ្សារ ក៏នឹងត្រូវអនុវត្តផងដែរ។
លោកឯកអគ្គរាជទូត អិណុ អាត់ស៊ូស៊ី បានបង្ហាញមោទនភាពរបស់ប្រទេសជប៉ុន ក្នុងការគាំទ្រកម្ពុជា និង ILO លើការងារឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ពលករ ដែលជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលជប៉ុន ចំពោះសន្តិសុខមនុស្សជាតិ និងស្ថិរភាពតំបន់។ លោកលើកឡើងថា គម្រោងនេះបញ្ជាក់ឡើងវិញពីភាពជាដៃគូយូរអង្វែងរវាងជប៉ុន និងកម្ពុជា ក៏ដូចជាការគាំទ្ររបស់ជប៉ុនចំពោះទីផ្សារការងារដែលរួមបញ្ចូល និងមានភាពធន់។
ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា ការវិលត្រឡប់របស់ពលករកម្ពុជា តម្រូវឲ្យមានការឆ្លើយតបកម្រិតថ្នាក់ជាតិមួយប្រកបដោយការសម្របសម្រួល។ គម្រោងនេះគឺស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សដ៏ទូលំទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍទីផ្សារការងាររយៈពេលវែង ដែលនឹងពង្រឹងសមត្ថភាពកម្ពុជាក្នុងការតភ្ជាប់អតីតពលករ ទៅកាន់ការអភិវឌ្ឍជំនាញ សេវាកម្ម មុខរបរ និងការងារ ដើម្បីជួយឲ្យពួកគាត់កសាងជីវិតឡើងវិញដោយកិត្តិយស៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ រិន រចនា














