ឯកឧត្តម កែវ រ៉េមី ៖ ការចេញលិខិតបដិសេធតាមផ្លូវច្បាប់មិនទទួលស្គាល់នូវការគ្រប់គ្រងរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា គឺមានអត្ថប្រយោជន៍សំខាន់ៗជាច្រើន តាមទស្សនៈច្បាប់អន្តរជាតិ និងការទូត
ភ្នំពេញ៖ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២៦ នេះថា ៖ មានបងប្អូនយើងខ្លះចោទជាសំណួរតាមបែបចំអកដោយប្រមាថមកលើការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខ្មែរខ្លួនឯងដោយនិយាយថា« ការចេញលិខិតបដិសេធជាបន្តបន្ទាប់មិនទទួលស្គាល់ចំពោះការឈ្លានពាន និងគ្រប់គ្រងលើទឹកដីខ្មែរដោយយោធាថៃ, តើវាបានប្រយោជន៍ស្អី? បានដីមកវិញដែរឬទេ? ឥឡូវនេះថៃវាកំពុងយកដី»។
ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់ថា៖ ការចេញលិខិតបដិសេធតាមផ្លូវច្បាប់មិនទទួលស្គាល់នូវការគ្រប់គ្រងរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា គឺមានអត្ថប្រយោជន៍សំខាន់ៗជាច្រើន តាមទស្សនៈច្បាប់អន្តរជាតិ និងការទូតដូចជា:
១/ បើយើងមិនចេញលិខិតបដិសេធ ( protest note)ទេ មានន័យថា: ការកាន់កាប់លើទឹកដីខ្មែរដោយយោធាថៃគឺស្របច្បាប់យល់ព្រមឲ្យទឹកដីខ្មែរទៅថៃដោយសន្តិវិធី។
២/ការចេញលិខិតបដិសេធបានបញ្ជាក់តាមផ្លូវច្បាប់ថា: ការគ្រប់គ្រងលើទឹកដីកម្ពុជាដោយយោធាថៃ គឺជាការគ្រប់គ្រងខុសច្បាប់ក្នុងរយ:ពេលមួយបណ្តោះអាសន្នតែប៉ុណ្ណោះ។
៣/ លិខិតបដិសេធនឹងក្លាយជា ឯកសារផ្លូវការសំខាន់ដែលបង្ហាញថា កម្ពុជាបានប្រឆាំងជាបន្តបន្ទាប់ មិនដែលទទួលស្គាល់ការឈ្លានពានរបស់ទាហានថៃ ដើម្បីទុកប្រើប្រាស់ជាភស្តុតាងតាមផ្លូវតុលាការអន្តរជាតិ។
៤/ បង្ហាញថាកម្ពុជាគោរពច្បាប់អន្តរជាតិ និងដោះស្រាយវិវាទតាមផ្លូវច្បាប់ដោយសន្តិវិធី មិនប្រើកម្លាំងយោធាវាយតបតវិញ។ នេះជាវិធីល្អមួយដែលអាចជួយរកការគាំទ្រពីប្រទេសនានា ឬពីសហគមន៍អន្តរជាតិ។
៥/ ការចេញលិខិតបដិសេធគឺប្រឆាំងទប់នឹងពាក្យ tacit consent ។ក្នុងច្បាប់អន្តរជាតិ ប្រសិនបើមានភាពស្ងៀមស្ងាត់យូរ មិនបដិសេធអាចត្រូវបានគេបកស្រាយថាបានទទួលស្គាល់ដោយសន្តិភាពគ្មានការតវ៉ា។
សរុបសេចក្តីមក រាល់ការចេញលិខិតបដិសេធតាមផ្លូវការរបស់រាជរដ្ឋាភិបាលគឺជាការការពារអធិបតេយ្យភាព រក្សាជំហរតាមផ្លូវច្បាប់បង្កើតភស្តុតាងសម្រាប់ប្រើនៅក្នុងផ្លូវតុលាការ ទប់ស្កាត់ fait accompli និងបាននិងកំពុងបង្ហាញថាកម្ពុជាគោរពច្បាប់អន្តរជាតិ៕
ដោយ៖ពលជ័យ