កូរ៉េ សាទរលទ្ធផលបង្ក្រាបការឆបោកតាមអនឡាញនៅកម្ពុជា ក្រោយពីចាប់មេខ្លោងគ្រាក់ៗ បានពីរនាក់

ភ្នំពេញ៖ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) បានសាទរ និងកោតសរសើរចំពោះសមិទ្ធផលនៃ កិច្ចសហការរវាងក្រុមសមត្ថកិច្ចកូរ៉េ ជាមួយ សមត្ថកិច្ច កម្ពុជា ក្នុងការបង្ក្រាប និងទប់ ស្កាត់ ក្រុម ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online scam។

សារព័ត៌មានកូរ៉េ The Chosun daily បានចុះផ្សាយនៅថ្ងៃពុធនេះថា ក្នុងកិច្ចសហការគ្នារវាងអាជ្ញាធរកូរ៉េខាងត្បូង និងកម្ពុជារយៈពេល២ខែកន្លងមក បានចាប់ខ្លួនជនឆបោកចំនួន១៤០នាក់  និងចាប់ខ្លួនមេក្លោងចំនួន៦នាក់កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ក្នុងសណ្ឋាគារមួយកន្លែងនៅកម្ពុជា។ ក្នុងនោះមាន មេខ្លោងគ្រាក់ៗកម្រិត A ម្នាក់ និងកម្រិត B ម្នាក់។ មេខ្លោងទាំងពីរដែលត្រូវបានរាយការណ៍ថា ពាក់ព័ន្ធ នឹងការឆបោកទឹកប្រាក់ជាង ១០លាន ដុល្លារអាម៉េរិក។

លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) បាន សរសេរលើ ផេកផ្លូវការរបស់ខ្លួន ដោយបានសាទរ និងកោតសរសើរចំពោះសមិទ្ធផលមួយនេះ ដោយលោកបានមានប្រសាសន៍ថា រដ្ឋាភិបាលកូរ៉េប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយកម្ពុជា ដើម្បីរួមគ្នាឈានទៅរកការលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែននេះ ដើម្បីអនាគតប្រកបដោយសុវត្ថិភាព និងសន្តិភាពនៃប្រទេសទាំងពីរ។  

ប្រទេសកម្ពុជាបានដាក់ ផែនការយ៉ាងជាក់លាក់ថា នឹងបោសសម្អាត ក្រុមឆបោកតាមអនឡាញឳ្យអស់ នៅត្រឹមខែ មេសា ឆ្នាំ ២០២៦នេះ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍នៅក្នុងបទសម្ភាសជាភាសាអង់គ្លេសជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ថា កម្ពុជាកំពុង បង្រ្កាបយ៉ាងម៉ឺងម៉ាត់ និងបានបិទមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអ៊ីនធឺណិតជាបន្តបន្ទាប់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កម្ពុជាក៏កំពុងរៀបចំសេចក្តីព្រាងច្បាប់ «ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដើម្បីបង្កើនប្រសិទ្ធភាព ប្រយុទ្ធប្រឆាំង និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែល កំពុង ធ្វើទុកបុកម្នេញក្នុងប្រទេស។
នៅព្រឹកថ្ងៃពុធនេះ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាថ្ងៃពុធនេះ បានធ្វើបទបង្ហាញរួមគ្នាអំពីវឌ្ឍនភាពនៃការបង្រ្កាប និងប្រឆាំងការឆបោកតាមអ៊ីនធឺណិត ជូនដល់អង្គទូតបរទេសនៅទីក្រុងភ្នំពេញ។  
ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងនៅក្នុងយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិត ឆ្នាំ២០២៦ កាលពីថ្ងៃអង្គារ៍ថាពលរដ្ឋកម្ពុជាបានខាតបង់ប្រាក់ចំនួន៤៥លានដុល្លារ ដោយសារការឆបោកតាមប្រព័ន្ធអនឡាញ ខណៈដែលនៅទូទាំងពិភពលោកទាំងមូល ការខាតបង់ ដោយការឆបោកតាមអនឡាញរហូតដល់ជាង៤៤ពាន់លានដុល្លារ។
ឯកឧត្តម ទូច សុខៈ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ បានលើកឡើងថា បទល្មើសឆបោកនៅកម្ពុជាគឺកាន់តែថមថយកាន់តែខ្លាំងគួរឱ្យកត់សម្គាល់ ខណៈជនបរទេសរាប់ម៉ឺននាក់បានចាកចេញពីកម្ពុជាដោយស្ម័គ្រចិត្ត។
នៅក្នុងសប្តាហ៍ដំបូងនៃខែកុម្ភៈនេះ អាជ្ញាធរកម្ពុជាបាននិរទេសជនបរទេសជាង ៣.៣០០ នាក់ បន្ទាប់ពីបានចាប់ផ្តើមយុទ្ធនាការទូទាំងប្រទេស«ប្រតិបត្តិការ XXL»ដើម្បីលុបបំបាត់បញ្ហាដ៏អាក្រក់នេះ»៕  
ដោយ៖ សៅ សុខអេង

ads banner