ជប៉ុនផ្តល់ជំនួយសម្ភារៈបរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេសម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោតដល់ គ.ជ.ប

រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយសម្ភារៈបរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (Servers) សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោតដែលមានតម្លៃជាង ៥លាន៤សែនដុល្លារ។ ពិធីប្រគល់ទទួលជាផ្លូវការបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការ គ.ជ.ប។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ថា ជំនួយរបស់ជប៉ុនបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ សាមគ្គីភាពអន្តរជាតិ និងការរួមចំណែកដ៏មានអត្ថន័យសំដៅលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលជាមូលដ្ឋានគ្រឹះក្នុងការធានាស្ថិរភាពនយោបាយ សង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន នៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបញ្ជាក់ថា បើគិតតាមលក្ខណៈបច្ចេកទេស សម្ភារៈ បរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (Servers) ចាស់ដែលមានអាយុកាលប្រើប្រាស់ជាង១០ឆ្នាំមកហើយ ចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរថ្មី ដើម្បីធានាគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត ហើយជំនួយរបស់ប្រទេសជប៉ុនសម្រាប់ការផ្លាស់ប្តូរសម្ភារៈ បរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (Servers) ជាថ្មីនាពេលនេះ គឺមានកម្រិតបច្ចេកទេសខ្ពស់ជាងមុន ទំនើបជាងមុន ជាបច្ចេកវិទ្យាចុងក្រោយ មានទំហំ ផ្ទុកធំ ល្បឿន និងប្រព័ន្ធប្រតិបត្តិការ Database ប្រព័ន្ធសុវត្ថិភាពជំនាន់ចុងក្រោយ ព្រោះវាពិតជាមានសារៈសំខាន់ណាស់ និងទាន់ពេលវេលាដែល គ.ជ.ប កំពុងត្រៀមលក្ខណៈឆ្ពោះទៅរៀបចំ ការបោះឆ្នោតសកលនាឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ។

ចំណែកឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុន បានផ្តល់ជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នូវសម្ភារៈបរិក្ខាបច្ចេកទេសប្រព័ន្ធ ម៉ាស៊ីនមេ ដើម្បីគាំទ្រការចុះបញ្ជី និងគ្រប់គ្រងព័ត៌មានអ្នកបោះឆ្នោត។ សម្ភារៈបរិក្ខារថ្មីនេះ និងត្រូវបានយកទៅប្រើជំនួសប្រព័ន្ធដែលរដ្ឋាភិបាលជប៉ុនបានផ្តល់ឱ្យក្នុងឆ្នាំ២០១៦។ ប្រព័ន្ធនេះក៏មានភាពចាំបាច់មិនអាចខ្វះបានក្នុងការធានាសុវត្ថិភាពនៃព័ត៌មានអ្នករបស់បោះឆ្នោតដែលបានកត់ត្រាជាទម្រង់ឌីជីថល ជាពិសេសដោយសារតែមានករណីការលួចចូលប្រើទិន្នន័យអ្នកបោះឆ្នោតដោយគ្មានការអនុញ្ញាត កើតឡើងនៅប្រទេសមួយចំនួនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

ឯកអគ្គរាជទូតជប៉ុនសង្ឃឹមថា គម្រោងនេះនឹងរួមចំណែកគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពន្លឿន ការរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហើយនឹងជួយលើកកម្ពស់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ គោលជំហររបស់រដ្ឋាភិបាលជប៉ុនចំពោះលទ្ធិប្រជាធិបតេយ្យគឺនៅតែស្ថិតស្ថេរ មិនផ្លាស់ប្តូរ គោលជំហរនោះគឺប្រជាពលរដ្ឋអាចបង្ហាញមតិយោបល់ចម្រុះរបស់ខ្លួនដោយសេរី ដើម្បីកសាងសង្គម ប្រជាធិបតេយ្យប្រកបដោយតម្លាភាព។ ជប៉ុនរំពឹងថា កម្ពុជានឹងបន្តអនុវត្តសកម្មភាពជាក់ស្តែង ដើម្បី ពង្រឹងលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន់ ហើយយើងក៏នឹងបន្តគាំទ្រកម្ពុជាក្នុងវិស័យនេះផងដែរ៕
ដោយ៖ពលជ័យ

ads banner