ឯកឧត្តម កែវ រ៉េមី៖ បញ្ហា Scam Online និងការឈ្លានពានទឹកដី គឺជារឿងពីរផ្ទុយគ្នាស្រឡះ
ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ជុជា បានសង្កត់ធ្ងន់ថា បញ្ហា Scam Online ជាបញ្ហាសាកលដែលកើតមានឡើងស្ទើរគ្រប់ប្រទេសនៅលើសាកលលោក។ បញ្ហា Scam Online និងការឈ្លានពានទឹកដី គឺជារឿងពីរផ្ទុយគ្នាស្រឡះ។ ប្រទេសមួយឈ្លានពានប្រទេសមួយទៀត ដោយមិនអាចយកមូលហេតុនៃការបង្រ្កាបបញ្ហា Scam Online នោះទេ។ នេះបើយោងតាមហ្វ៊េសប៊ុកផ្លូវការរបស់ឯកឧត្តម កែវ រ៉េមី នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។
ឯកឧត្តម កែវ រ៉េមី បានបន្តថា ក្រោមច្បាប់អន្តរជាតិនៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ២(៤) ហាមដាច់ខាតប្រទេសទាំងអស់ប្រើកម្លាំងយោធាឈ្លានពានដែនអធិបតេយ្យភាព បូរណភាពទឹកដីនៃប្រទេសមួយទៀត លើកលែងករណីដែលអាចប្រើកម្លាំងទ័ពបានដើម្បីការពារខ្លួនតែប៉ុណ្ណោះ ឬមានការយល់ព្រមពីក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។
ឯកឧត្តម កែវ រ៉េមី បានបន្តទៀតថា ចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ ដែលនឹងលើកយកបញ្ហា Scam online ទៅប្រើប្រាស់នៅអង្គការសហប្រជាជាតិ ដើម្បីទប់ទល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺជារឿងអាម៉ាស់របស់ថ្នាក់ដឹកនាំថៃ ដែលគ្មានការយល់ដឹងពីច្បាប់អន្តរជាតិ និងការបែកចែកឱ្យបានច្បាស់នៃបទល្មើស Scam Online និងការឈ្លានពានទឹកដី៕
ដោយ៖ពលជ័យ