លោក ត្រាំ គំរាមសងសឹកយ៉ាងចាស់ដៃ បើសិនក្រុមហាម៉ាស បរាជ័យរំសាយអាវុធ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្រែកគំរាមធ្ងន់ៗថា នឹងសងសឹកយ៉ាងចាស់ដៃ បើសិនក្រុមហាម៉ាស បរាជ័យរំសាយអាវុធដោយខ្លួនឯង ។

លោក ត្រាំ បានថ្លែងអំឡុងកិច្ចប្រជុំដំបូងនៃ «ក្រុមប្រឹក្សាសន្តិភាព» នៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍ ថា ខ្ញុំគិតថា ក្រុមហាម៉ាស នឹងលះបង់អាវុធរបស់ពួកគេ ដើម្បីគោរពតាមការសន្យា ។

ប៉ុន្តែលោកប្រធានាធិបតី ត្រាំ ក៏បានអះអាងដែរថា ប្រសិនបើពួកគេមិនធ្វើរឿងនេះទេ នោះពួកគេនឹងរងការសងសឹកយ៉ាងធ្ងន់ធ្ងរបំផុត ។

ការគំរាមរបស់មេដឹកនាំអាមេរិករូបនេះ ធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែលបានដាក់ឱសានវាទរយៈពេល ៦០ថ្ងៃ បង្ខំឱ្យក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស រំសាយអាវុធទាំងស្រុង បើមិនដូច្នោះទេ យោធាអ៊ីស្រាអែលនឹងវិលត្រឡប់ទៅធ្វើសង្គ្រាមនៅតំបន់ហ្គាហ្សាវិញ ។

គួរបញ្ជាក់ថា ការសម្អាតគ្រាប់រំសេវ និងការសាងសង់នៅតំបន់ហ្គាហ្សាឡើងវិញ ក្រោយបញ្ចប់សង្រ្គាម អាចនឹងត្រូវចំណាយលុយច្រើនជាង ៧០ពាន់លានដុល្លារ និងចំណាយពេលជាច្រើនទសវត្សរ៍ នេះបើតាមការវាយតម្លៃរបស់សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) កាលពីឆ្នាំមុន ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner