ប្រទេសអារ៉ាប់ ថ្កោលទោសសម្តីទូតអាមេរិក ជុំវិញសិទ្ធិរបស់អ៊ីស្រាអែល លើទឹកដីមជ្ឈិមបូព៌ា

បរទេស ៖ បណ្តាប្រទេសអារ៉ាប់ បានប្រកាសថ្កោលទោស សម្តីរបស់ទូតអាមេរិក ដែលអះអាងថា អ៊ីស្រាអែល មានសិទ្ធិ លើទឹកដីភាគច្រើន នៃតំបន់មជ្ឈិមបូព៌ា។

នៅថ្ងៃអាទិត្យនេះ បណ្តាប្រទេសអារ៉ាប់ និងមូស្លីម បានរួមគ្នាថ្កោលទោសការអត្ថាធិប្បាយ របស់លោក Mike Huckabee ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអ៊ីស្រាអែល ដែលបាននិយាយថា បើតាមគម្ពីរសាសនា អ៊ីស្រាអែលមានសិទ្ធិលើទឹកដីភាគច្រើន នៃតំបន់មជ្ឈិមបូព៌ា។

លោក Huckabee បានលើកឡើងបែបនេះ ក្នុងកិច្ចសម្ភាសមួយចេញផ្សាយ កាលពីសុក្រសប្តាហ៍នេះ។ យ៉ាងណា លោក បានថា អ៊ីស្រាអែល មិនទាមទារចង់បានទឹកដីធំសម្បើមនេះទេ ក្រោយពេលជជីកសួរបន្ថែម។

បន្ទាប់ពីបានដឹងពីរឿងនេះ បណ្តារដ្ឋាភិបាល នៃប្រទេសអារ៉ាប់និងមូស្លីម រួមជាមួយអង្គការធំៗប្រចាំតំបន់ បានចេញសេចក្តីថ្លែងការណ៍រួម ថ្កោលទោសការអត្ថាធិប្បាយនោះ ថា មានគ្រោះថ្នាក់ និង ដុតបញ្ឆេះភាពតានតឹង។

ពួកគេបានរិះគន់ថា សម្តីនេះ ផ្ទុយពីរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ និងកិច្ចប្រឹងប្រែងដើម្បីបន្ធូរបន្ថយសង្រ្គាមហ្កាហ្សា ក៏ដូចជា ដើម្បីជំរុញឱកាសស្វែងរកដំណោះស្រាយគ្រប់ជ្រុងជ្រោយ។

អារ៉ាប៊ី សាអូឌីត ប្រកាសចាត់ទុកសម្តី លោក Huckabee ថា ខ្វះការទទួលខុសត្រូវ និងធ្វេសប្រហែល ខណៈ ប្រទេស អូម៉ង់ ថា អាចបង្កភាពតានតឹងខ្លាំង ក្នុងតំបន់៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner