សម្ដេចតេជោចេញសារពន្យល់ពីប្រពៃណីបុកល័ក្ត ដើម្បីរម្ងាប់អារម្មណ៍របស់បងប្អូនឥស្លាម

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារបន្ទាន់មួយនៅលើបណ្តាញសង្គម តាំងពីម៉ោង២ទៀបភ្លឺថ្ងៃ ថ្ងៃទី២៤កុម្ភៈនេះ ពាក់ព័ន្ធប្រពៃណីបុកល័ក្តក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ ដែលជាប្រពៃណីទំនៀមទម្លាប់យូរលង់មកហើយ ហើយដែលមានទាក់ទងដល់បងប្អូនខ្មែរឥស្លាម។

សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានពន្យល់ថា ក្នុងឈុតឆាកបុកល័ក្ត ពុំមានចំណុចណាជាការប្រមាថ ឬមើលងាយមើលថោកនោះទេ តែផ្ទុយទៅវិញ មានខ្លឹមសារស៊ីជម្រៅខ្លាំងណាស់ លើបញ្ហាសាមគ្គីភាពជាតិសាសន៍ និងសាសនា។ បងប្អូនខ្មែរឥស្លាម បានជួយដល់បងប្អូនខ្មែរ ដែលទៅរកល័ក្ដនៅពេលឆ្លងទឹក ។

សម្ដេចបន្ថែមថា តាំងពីធំដឹងក្តីមក សម្តេចតែងទៅចូលរួមបុកល័ក្តសម្រាប់អ្នកស្គាល់គ្នា និងបន្តមកទៀត សម្តេចបានរៀបអាពាហ៍ពិពាហ៍កូន៥នាក់ ដែលចាប់ផ្តើមនៅឆ្នាំ១៩៩៩។ កូនទាំង៥របស់សម្តេចសុទ្ធតែធ្វើពិធីបុកល័ក្ដ ដែលមានអ្នកដើរតួជាជនជាតិឥស្លាមចូលរួមដូចសម័យមុនដែរ។

សម្តេចបញ្ជាក់ថា៖ «ខ្ញុំមានវីដេអូសម្រាប់បងប្អូនស្វែងយល់។ អ្វីដែលខ្ញុំឲ្យតម្លៃខ្ពស់ គឺសាមគ្គីភាពជាតិសាសន៍ និងសាសនា ដែលប្រទេសយើងគ្មានជម្លោះជាតិសាសន៍ និងសាសនានោះទេ។ ខ្ញុំត្រូវបង្ហោះសារនេះទាំងយប់ ព្រោះមិនចង់បិទក្រោលសេះ នោពេលសេះចេញផុតពីក្រោលឱ»។

ឆ្លងកាត់ការបញ្ចេញយោបល់របស់បងប្អូនខ្មែរឥស្លាម សម្តេចបានសន្និដ្ឋានថា បងប្អូនមិនបានជំទាស់នឹងការសម្តែងដែលមានតួរសម្តែងជាបងប្អូនខ្មែរឥស្លាមនោះទេ។ ប៉ុន្តែអ្វីដែលបងប្អូនមិនសប្បាយចិត្ត គឺពាក្យពេចន៍ និងឥរិយាបទសម្តែងខ្លះ ខ្វះការគោរពចំពោះព្រះអាលឡោះរបស់បងប្អូនឥស្លាម។

ក្នុងន័យនេះ សម្តេចតេជោបានអំពាវនាវដល់បងប្អូនគ្រប់ក្រុមសម្តែង ត្រូវតែត្រួតពិនិត្យ និងរៀបចំឡើងវិញទាំងកាយវិការទាំងពាក្យសំដីនិយាយ ព្រោះបងប្អូនឥស្លាមទូទាំងពិភពលោកគោរពខ្លាំងណាស់នូវព្រះអាលឡោះ ឬព្រះអាលឡា ដូចនេះមិនអាចសម្តែងប៉ះពាល់បានទេ។

សម្តេចតេជោ យល់ឃើញថា បញ្ហានេះបានចាប់ផ្តើមចេញពីការមិនយល់ពីតួរអង្គសម្តែង ឬក្រុមសម្តែង ដែលទាមទារនូវការកែតម្រូវជាបន្ទាន់ទាំងពាក្យសំដី ទាំងកាយវិការ
ជៀសវាងឲ្យខាងតែបាននូវពាក្យពេចន៍ ឬកាយវិការខ្វះការគោរពចំពោះបងប្អូនឥស្លាម។

ជាចុងក្រោយ សម្តេចបានបួងសួង សូមឲ្យស្មារតីសាមគ្គីភាពរវាងជាតិសាសន៍ និងសាសនានៅកម្ពុជា
បន្តរីកចម្រើនតទៅមុខទៀត៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner