ថៃសោកស្តាយចំពោះការខូចខាតប្រាសាទព្រះវិហារ តែចោទកម្ពុជាថាប្រើប្រាស់ជាមូលដ្ឋានយោធា

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានបង្ហាញការសោកស្តាយចំពោះការធ្វើឱ្យ​ប៉ះទង្គិច​ដោយគ្រាប់ធន់ធ្ងន់មកលើប្រាសាទព្រះវិហាររបស់ខ្មែរក្នុងសង្គ្រាមកាលពីឆ្នាំ ២០២៥។ ប៉ុន្តែលោកបានអះអាងថា កម្ពុជា បានប្រើប្រាស់ប្រាសាទបេតិកភណ្ឌពិភពលោកចំណាស់ជាង ១ពាន់ឆ្នាំនេះជាមូលដ្ឋានទ័ព។

លោក ស៊ីហាសាក់ ភួងកេតកែវ ត្រូវស្រង់សម្តីដោយកាសែត Thai Enquirer នៅថ្ងៃអង្គារនេះថា ស្ថានភាពខូចខាតនឹងមិន​កើតឡើងទេ ប្រសិនបើកម្ពុជាមិនប្រើប្រាស់ប្រាសាទព្រះវិហារ ក្នុងគោលបំណងយោធា។

លោក បានថ្លែងបែបនេះបន្ទាប់ពីជំនួបពិភាក្សាជាមួយលោក Khaled Ahmed El-Enany Ali Ezz អគ្គនាយកអង្គការយូណេស្កូ ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

ប្រាសាទព្រះវិហារ បានរងការខូចខាតយ៉ាងដំណំ បង្កឱ្យរចនាសម្ព័ន្ធបុរាណមួយចំនួនបាក់បែក ខូចខាតជញ្ជាំង ថ្មបុរាណ និងស្នាដៃសិល្បៈដែលមានអាយុកាលជាង១០សតវត្ស។

ការខូតខាតនេះបណ្តាលមកពីការប្រើប្រាស់អាវុធធ្ងន់ និងការទម្លាក់គ្រាប់បែកក្នុងតំបន់ជុំវិញប្រាសាទពីសំណាក់យោធាថៃក្នុង​សង្គ្រាម​ចំនួន២លើកកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។
តំបន់ប្រាសាទព្រះវិហារ ត្រូវបានទាហានថៃបាញ់កម្ទេចដងស្ទូចសម្រាប់ជួសជុលប្រាសាទព្រះវិហារដួលរាបដល់ដី និងបន្សល់​ទុកនូវគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនប្រភេទ៕

ដោយ៖សៅ សុខអេង

ads banner