លោក ត្រាំ នឹងបញ្ជូនកងកម្លំាងប្រដាប់អាវុធទៅកាន់ព្រំដែនជាប់ប្រទេសម៉ិកស៊ិក
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់នៅថ្ងៃពុធនេះថា ទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងបញ្ជូនកងទាហានប្រដាប់អាវុធទៅកាន់ព្រំដែនខាងត្បូង បន្ទាប់ពីកងកម្លាំងម៉ិចស៊ិកនាពេលថ្មីៗនេះ បានប៉ះទង្គិចគ្នាជាមួយកងកម្លាំងអាម៉េរិក។
ការកត់សម្គាល់បែបនេះរបស់លោក បានកើតមានឡើង ទំនងជាចង់សំដៅទៅលើហេតុការណ៍មួយកាលពីថ្ងៃទី១៣ ខែមេសាកន្លងទៅនេះ នៅពេលដែលកងកម្លាំងម៉ិចស៊ិក ត្រូវបានគេរាយការណ៍ថា បានចោទសួរ និងភ្ជង់កាំភ្លើងរបស់ខ្លួនលើកងកម្លាំងអាម៉េរិកពីរនាក់ ដែលធ្វើការឃ្លាំមើលនៅតាមព្រំដែន។ ពាក់ព័ន្ធនឹងបញ្ហានេះ មន្រ្តីការពារជាតិអាម៉េរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណបានប្រាប់សារព័ត៌មាន CNN កាលពីសប្តាហ៍មុនថា កងទាហានអាម៉េរិក២នាក់នៅក្នុងរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង ដែលធ្វើការយាមល្បាតនៅតាមបណ្តោយព្រំដែនអាម៉េរិក ត្រូវបានក្រុមមន្រ្តីយោធាម៉ិចស៊ិក៥ទៅ៦នាក់ឃាត់សួរនាំ។
មន្រ្តីដដែលបន្តថា កងទាហានម៉ិចស៊ិក បានភ្ជង់អាវុធរបស់ខ្លួនលើកងកម្លាំងអាម៉េរិក ហើយថែមទាំងដកហូតយកអាវុធរបស់ពួកគេ បើទោះជាតំបន់នោះ ស្ថិតនៅខាងទឹកដីសហរដ្ឋអាម៉េរិក ស្ថិតនៅភាគខាងជើងនៃរដ្ឋ រីអូ ហ្គ្រែន នៅរដ្ឋតិចសាស់ ជាទីខណ្ឌចែកដោយរបងព្រំដែនខាងត្បូង៕ធ.ដ