អាម៉េរិកថា ខ្លួននៅជាមួយអាស៊ាន ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមសន្តិវិធី
ភ្នំពេញ៖ សហរដ្ឋអាម៉េរិក នៅថ្ងៃពុធនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនឈរនៅជាមួយបណ្តាប្រទេសអាស៊ាន ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមសន្តិវិធី ជាពិសេសដើម្បីជំរុញនូវសន្តិភាព និងវិបុលភាពនៅក្នុងតំបន់។
យោងតាមសេចក្ដីប្រកាសរបស់ខ្លួននៅថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ស្ថានទូតអាម៉េរិកប្រចាំប្រទេសហ្វីលីពីន ដែលជាប្រទេសប្រធានអាស៊ានប្តូរវេន បានឱ្យដឹងថាក្រុមអ្នកសង្កេតការណ៍អាស៊ាន នឹងបន្តជំរុញសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនរវាងកម្ពុជា និងថៃ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលពីលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាអតីតប្រធានអាស៊ានប្ដូរវេន និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក។
បើតាមឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្រោយប្រទេសកម្ពុជា-ថៃ យល់ព្រមអនុវត្តបទឈប់បាញ់នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ កន្លងមក យោធាថៃនៅតែបន្តកាន់កាប់យ៉ាងជ្រៅក្នុងទឹកដីកម្ពុជា ពិសេសក្នុងភូមិ សាស្ត្រខេត្តបន្ទាយមានជ័យដែលមានទំហំរហូតដល់ជិត ៨០០ហិកតា។
ឯកឧត្តម បានរៀបរាប់ប្រាប់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិកាលពីថ្ងៃចន្ទ ថា យោធាថៃ បានធ្វើលេណដ្ឋានថ្មី និងកសាងទីតាំងឈរជើងយ៉ាងរឹងមាំ។
គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ជម្លោះព្រំដែនកម្ពុជា-ថៃ មានរយៈពេល ៧ខែគត់ ហើយបើទោះបី មានការសម្របសម្រួលជាបន្តបន្ទាប់ពីប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិក និងចិន ជាដើម ប៉ុន្តែ ជម្លោះនេះ នៅតែមានភាពស្មុគស្មាញនៅឡើយ។ មេដឹកនាំប្រទេសទាំងពីរបានទទួលស្គាល់ថា កិច្ចព្រមព្រៀងឈប់បាញ់នៅមានភាពផុយស្រួយ។
លោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា បានបញ្ជាក់ថា ហ្វីលីពីន នៅតែបន្ដគាំទ្របទឈប់បាញ់រវាងប្រទេសទាំងពីរ ដើម្បីដោះស្រាយបញ្ហាដោយសន្ដិវិធី។ ហើយហ្វ៊ីលីពីនដែលជាប្រធានប្តូរវេនអាស៊ាន បានពិគ្រោះយោបល់ជាមួយប្រទេសទាំងពីរ ដើម្បីថែរក្សាបទឈប់បាញ់សម្រាប់សន្តិភាពយូរអង្វែង។
យោងតាមក្រសួងការបរទេសកម្ពុជា និងក្រសួងមហាផ្ទៃ មានពលរដ្ឋកម្ពុជា ជាង ៦៥.០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេនៅឡើយ បន្ទាប់ពីកងយោធាថៃចូលទន្រ្ទានទឹកដីកម្ពុជាចំនួន ១៤ទីតាំងនៅតាមតំបន់ព្រំដែន៕
ដោយ៖ខន ណារី






