ប្រមុខការទូតសហរដ្ឋអាម៉េរិកសង្ឃឹមថា នឹងមានឱកាសច្រើនទៀត ដើម្បីធ្វើកិច្ចពិភាក្សាស្តីពីការដកអាវុធនុយក្លេអ៊ែរចេញពីកូរ៉េខាងជើង

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បាននិយាយនៅថ្ងៃពុធនេះថា បើទោះបីជាកិច្ចពិភាក្សារវាងសហរដ្ឋអាម៉េរិកជាមួយនឹងកូរ៉េខាងជើង ត្រូវទទួលការបរាជ័យ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននៅតែសង្ឃឹមថា នឹងមានឱកាសបន្ថែមទៀត ដើម្បីចរចាគ្នាស្តីពីវិធីសាស្រ្តក្នុងការដកអាវុធនុយក្លេអ៊ែរចេញពីទីក្រុងព្យុងយ៉ាង។

លោក ប៉ុមប៉េអូ បានកត់សម្គាល់ទៀតថា លទ្ធផលចុងក្រោយនេះ គឺផ្តោតសំខាន់ថា តើមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន សម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងការបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ប្រទេសលោក ឬយ៉ាងណា។ លោកបន្ថែមទៀតថា ភាគីទាំងពីរបានស្វែងយល់ពីគ្នាទៅវិញទៅមកជាច្រើន បន្ទាប់ពីជំនួបកំពូលជាលើកទី២ រវាងលោក ត្រាំ និងលោក គីម នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីចុងខែកុម្ភៈកន្លងទៅ។

គួរបញ្ជាក់ផងដែរថា អនាគតនៃការភ្ជាប់ទំនាក់ទំនងរបស់សហរដ្ឋអាម៉េរិកជាមួយកូរ៉េខាងជើង ហាក់ដូចជាមានភាពស្រពិចស្រពិល ចាប់តាំងពីកិច្ចប្រជុំកំពូលនៅប្រទេសវៀតណាម បញ្ចប់ដោយគ្មានសញ្ញានៃការទាក់ទងដោយផ្ទាល់រវាងភាគីទាំងពីរ បើទោះបីជាប្រមុខការទូតអាម៉េរិករូបនេះ បានអះអាងថា ពួកគេបានពិភាក្សាពីរបៀបឆ្ពោះទៅកាន់ការរំសាយអាវុធនុយក្លេអ៊ែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner