ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ទីក្រុងប៉េកាំងដើម្បីពិនិត្យព្រះរាជសុខភាព
កណ្ដាល៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីនាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ព្រះអង្គទាំងទ្វេស្តេចយាងទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនដើម្បីពិនិត្យព្រះរាជសុខភាព ។
យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះអង្គទាំងទ្វេនៅអាកាសយានដ្ឋានអន្តរជាតិតេជោ មានវត្តមាន សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងសម្ដេច ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស និងឯកឧត្តម វ៉ាង វេនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជាផងដែរ។
សូមជម្រាបថា តាមព្រះរាជសាររបស់ព្រះមហាក្សត្រមានខ្លឹមសារថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ តទៅ ដើម្បីធ្វើដំណើរទៅពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងឱកាសអវត្តមានរបស់ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាម ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា ព្រះមហាក្សត្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ទ្រង់ទាំងទ្វេតែងយាងទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន រៀងរាល់៦ខែម្តង តាមការយាងពីក្រុមគ្រូពេទ្យចិន។
សូមជម្រាបថា រដ្ឋាភិបាលក៏បានបង្កើត«ក្រុមគ្រូពេទ្យ»ថែទាំព្រះរាជ សុខភាពថ្វាយព្រះករុណាព្រះមហាក្សត្រនៃកម្ពុជា និងសម្ដេចព្រះ មហាក្សត្រីព្រះ វររាជមាតាជាតិខ្មែរដែរ។ ក្រុមព្រះរាជពេទ្យខ្មែរ ត្រូវបានបង្កើឡើងនៅចុងឆ្នាំ២០២៣។ ក្រៅពីភារកិច្ចទទួលខុសត្រូវក្នុងការពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំព្រះរាជសុខភាពថ្វាយព្រះអង្គទាំងទ្វេ ក្រុមគ្រូពេទ្យ ថែទាំព្រះរាជសុខភាព មានសិទ្ធិអញ្ជើញអ្នកជំនាញវេជ្ជសាស្រ្ត និងអមវេជ្ជសាស្រ្តនានា ចូលរួមជួយការងារក្នុងករណីចាំបាច់៕ ដោយ៖វណ្ណលុក
























