ក្រសួងអធិការកិច្ច រៀបចំពិធីអបអរទិវានារីអន្តរជាតិ

អត្ថបទដោយ៖
Sophol Kung

ទិវាអន្តរជាតិនារី ៨មីនា នៅកម្ពុជា នាឆ្នាំ២០២៦នេះ នឹងប្រារព្វធ្វើក្រោមប្រធានបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» ក្នុងគោលបំណងបញ្ជាក់យ៉ាងច្បាស់ថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការរស់នៅ និងអភិវឌ្ឍរបស់សង្គម និងមនុស្សគ្រប់រូប ជាពិសេសស្រ្តី និងកុមារី។

កាលពីថ្ងៃទី០៤ មីនា ក្រសួងអធិការកិច្ច បានរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ដោយមានការចូលរួមជាអធិបតីពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់សមាជិក សមាជិកា នៃអង្គពិធីទាំងមូល ត្រូវប្រែក្លាយថ្ងៃរីករាយ ដើរលេងកម្សាន្តនៃទិវានារីអន្តរជាតិ ៨មីនា ឱ្យក្លាយទៅជាថ្ងៃចុះជួបសួរសុខទុក្ខដល់បងប្អូនជាជនភៀសសឹក និងអ្នករបួស ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ តាមបណ្តាខេត្តជួរមុខ ។

ដោយឡែក ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានថ្លែងថា សន្តិភាព និងសន្តិសុខ គឺជាមូលដ្ឋានគ្រឹះនៃសុខុមាលភាពរបស់ស្រ្តី និងក្រុមគ្រួសារទាំងមូល ដែលផ្តល់នូវបរិយាកាសអំណោយផល អាចឲ្យពួកគេរស់នៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា និងគ្មានការភ័យខ្លាច។

ការការពារស្រ្តី និងក្មេងស្រីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការពារសិទ្ធិស្រ្តី និងក្មេងស្រី និងការផ្តល់នូវកាលានុវត្តភាពពេញលេញសម្រាប់ស្រ្តី ក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត នឹងរួមចំណែកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់សុខុមាលភាព និងវិបុលភាពគ្រួសារ និងសង្គម ។

នៅក្នុងឱកាសនៃការអបអរសាទរទិវាអន្តរជាតិនារី ៨មីនានេះ ក្រសួងអធិការកិច្ចក៏បានរៀបចំពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមននារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងអធិការកិច្ចផងដែរ។ លោកជំទាវ ចម ក្រស្នា ត្រូវបានប្រកាសជាប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងអធិការកិច្ច។

បើតាមឯកឧត្តមរដ្ឋមន្រ្តី ការកែសម្រួលសមាសភាពនេះ គឺជាជំហានមួយក្នុងការពង្រឹងយន្តការរៀបចំ និងសម្របសម្រួលការងារនារីនៅក្នុងក្រសួងអធិការកិច្ចឲ្យកាន់តែមានប្រសិទ្ធភាព។

កម្ពុជា រួមទាំងប្រទេសនានាទូទាំងសកលលោក តែងប្រារព្ធទិវានារីអន្តរជាតិ ៨ មីនា ជារៀងរាល់ឆ្នាំ ដើម្បីរំឭកពីការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាព ក៏ដូចបង្ហាញពីការប្តេជ្ញាចិត្ត និងវិធានការវិជ្ជមាន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ

ads banner