រដ្ឋបាលខេត្តកំពង់ចាមសម្ពោធដាក់ឱ្យប្រើប្រាស់មណ្ឌលសុខភាពព្រែកកក់ ស្រុកស្ទឹងត្រង់
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលសុខភាពព្រែកកក់ ស្រុកស្ទឹងត្រង់ ។
តាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្តកំពង់ចាម មណ្ឌលសុខភាពព្រែកកក់ ទទួលខុសត្រូវលើសុខភាពប្រជាពលរដ្ឋ ទាំង១៣ភូមិ នៃឃុំព្រែកកក់ ប្រមាណ ១៥.៨៣១នាក់។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តបានមានប្រសាសន៍ថា ក្រោមកិច្ចសហការរវាងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ជាមួយសប្បុរសជន ជាពិសេស លោកស្រីសាស្ត្រាចារ្យ ពឹង សយ (នាមដើម លី ឆេងគី) និងក្រុមគ្រួសារ បានឧបត្ថម្ភការសាងសង់អគារថ្មីមួយខ្នង មានទទឹង ៩ ម៉ែត្រ បណ្តោយ ១៧ ម៉ែត្រ តម្លៃប្រមាណ ៣៨.០០០ដុល្លារអាមេរិក។អគារត្រូវបានបែងចែកជា ៧ បន្ទប់ និងបង្គន់អនាម័យ ៣បន្ទប់ (រួមទាំងបង្គន់សម្រាប់ជនពិការ ១)។អគារនេះចាប់ផ្តើមសាងសង់ពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៥ និងបញ្ចប់គម្រោងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ តាមផែនការ ហើយបានចាប់ផ្តើមផ្តល់សេវាជាបណ្តើរៗតាំងពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៦ មកម្ល៉េះ។
ឯកឧត្តមអភិបាលខេត្ត បានយកឱកាសនោះផ្ដាំផ្ញើដល់គ្រូពេទ្យ សូមឱ្យយកអគារមណ្ឌលសុខភាព ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងថ្ងៃនេះ ប្រើប្រាស់ឱ្យអស់លទ្ធភាព ក្នុងគោលបំណងផ្ដល់នូវសេវាល្អ សេវាគំរូជូនដល់ប្រជាពលរដ្ឋ។ សូមបង្កើនចំណេះជំនាញ ឯកទេសឱ្យបានគ្រប់ៗគ្នា ៕








ដោយ៖លី ពៅ