ថ្នាក់ដឹកនាំកម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់នៃសង្គ្រាមនៅមជ្ឈិមបូព៌ា ជាពិសេសការគ្រប់គ្រងតម្លៃប្រេងឥន្ទនៈ

រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះផលប៉ះពាល់នៃសង្គ្រាមនៅមជ្ឈិមបូព៌ា ជាពិសេសការគ្រប់គ្រងតម្លៃប្រេងឥន្ទនៈ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា ដើម្បីធានាបាននូវតម្លាភាពនៃការផ្គត់ផ្គង់ និងការទិញ-លក់ប្រេងឥន្ធនៈនៅតាមស្ថានីយនិងដេប៉ូនានា រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យក្រុមហ៊ុនចែកចាយនិងផ្គត់ផ្គង់ប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូ នៅតាមបណ្តារាជធានី-ខេត្ត ត្រូវធានាការអនុវត្តកាតព្វកិច្ចដូចខាងក្រោម៖

  • ត្រូវលក់តាមតម្លៃដែលស្ថានីយនិងដេប៉ូ បានដាក់តាំងបង្ហាញជាសាធារណៈដោយយោងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ
  • ត្រូវធានាសុក្រឹតភាពនៃគុណភាពនិងបរិមាណប្រេងឥន្ធនៈ ដែលត្រូវលក់ជូនអតិថិជន
  • ត្រូវធានាតម្លាភាពជូនអតិថិជនចំពោះសន្និធិ(ឬស្តុក)ប្រេងឥន្ធនៈដែលមាន ជាពិសេសត្រូវជូនដំណឹងជាមុនយ៉ាងតិច១ថ្ងៃ មកកាន់មន្ទីររ៉ែនិងថាមពល ឬមន្ទីរពាណិជ្ជកម្ម ឬសាខា ក.ប.ប និង/ឬអាជ្ញាធរមូលដ្ឋានតាមបណ្តារាជធានី-ខេត្ត ក្នុងករណីប្រេងឥន្ធនៈអស់ពីស្តុក ឬមានបំណងផ្អាកលក់ប្រេងឥន្ធនៈជាបណ្តោះអាសន្ន
  • ក្នុងករណីអស់ស្តុក ត្រូវជូនដំណឹងជាសាធារណៈនៅថ្ងៃដែលមានស្តុកប្រេងឥន្ធនៈវិញ
  • ត្រូវធានាតម្លាភាព និងគណនេយ្យភាពនៃស្តុកប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូ ដោយជូនដំណឹងមកកាន់មន្ទីររ៉ែ និងថាមពល ឬមន្ទីរពាណិជ្ជកម្ម ឬសាខា ក.ប.ប និង/ឬអាជ្ញាធរមូលដ្ឋានតាមបណ្តារាជធានី-ខេត្តអំពីស្ថានភាពស្តុកជាក់ស្តែង ១០% មុនពេលអស់ស្តុក។

អ្នកនាំពាក្យបន្តទៀតថា ចំពោះស្ថានីយ និងដេប៉ូដែលមានបំណងផ្អាកដំណើរការជាបណ្តោះអាសន្ន៖

  • ត្រូវអនុវត្តតាមនីតិវិធីនៃការផ្អាកជាបណ្តោះអាសន្នរបស់ស្ថាប័នមានសមត្ថកិច្ចទើបអាចផ្អាកការលក់ចែកចាយរបស់ខ្លួនបាន
  • ចំពោះស្ថានីយនិងដេប៉ូ ដែលបានទទួលការវាយតម្លៃថា អាចដំណើរការឡើងវិញបាន ត្រូវសហការជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីបំពេញនីតិវិធីបើកដំណើរការ
  • ក្នុងករណីដែលរកឃើញថា បានប្រព្រឹត្តខុសនឹងសេចក្តីណែនាំនេះ ស្ថាប័នមានសមត្ថកិច្ចនឹងបន្តអនុវត្តនីតិវិធីនៃច្បាប់ជាធរមាន

ត្រូវផ្តល់អាទិភាពក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់៖

  • សេវាសាធារណៈចាំបាច់៖ រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គិភ័យ និងរថយន្តបម្រើសេវាសាធារណៈ។ល។
  • ប្រជាកសិករ និងបុគ្គលពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្ម និងភស្តុភារកម្ម ដែលមានតម្រូវការចម្បងក្នុងការរក្សាដំណើរការចាំបាច់នៃសេដ្ឋកិច្ច-ពាណិជ្ជកម្ម។

មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្ម មន្ទីររ៉ែនិងថាមពល និងអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត នឹងបន្តចុះតាមដាននិងត្រួតពិនិត្យការលក់ជាប្រចាំ ដើម្បីធានាបានអនុលោមភាពនៃការគ្រប់គ្រងការទិញ-លក់ប្រេងឥន្ធនៈតាមស្ថានីយនិងដេប៉ូ រួមទាំងអនុវត្តច្បាប់ចំពោះបុគ្គលខិលខូចណាដែលកេងប្រវ័ញ្ចនិងឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈ៕
ដោយ៖ពលជ័យ

ads banner