អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់អំពីការងារការទូតសកម្មរបស់រាជរដ្ឋាភិបាល ដើម្បីរឹតចំណងការទូតជាមួយបណ្តាប្រទេសជាមិត្តក្នុងបរិបទដែល «ការការពារបូរណភាពទឹកដី និងប្រជាជន» គឺជាអាទិភាពខ្ពស់បំផុត

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់អំពីការងារការទូតសកម្មរបស់រាជរដ្ឋាភិបាល ដើម្បីរឹតចំណងការទូតជាមួយបណ្តាប្រទេសជាមិត្ត ក្នុងបរិបទដែល «ការការពារបូរណភាពទឹកដី និងប្រជាជន» គឺជាអាទិភាពខ្ពស់បំផុត។ 

អ្នកនាំពាក្យបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងបន្តបេសកកម្មការទូតសកម្មរបស់ខ្លួនឥតឈប់ឈរ ដែលឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងស្វះស្វែង «ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី» នៅលើឆាកតំបន់ និងអន្តរជាតិ ជាពិសេសក្នុងបរិបទនៃ «ការការពារបូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល» ជាក់ស្តែង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី។ 

អំឡុងពេលនៃការបំពេញទស្សនកិច្ចផ្លូវការនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។ ភាគីទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេ ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពទ្វេភាគីដ៏យូរអង្វែង ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ជំនួបខាងលើត្រូវបានបញ្ចប់ដោយការផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ក៏ដូចជាពិភាក្សាយ៉ាងស៊ីជម្រៅអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជាថៃ ជាពិសេសស្ថានភាពជនភៀសសឹកដែលមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី និងក៏បានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជាថៃ ផងដែរ។

ក្រោយជំនួបនោះ ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានបង្ហោះសារនៅលើហ្វេសប៊ុក ដោយបង្ហាញពីភាពស្និទ្ធស្នាលនិងបានហៅឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថាជាមិត្តជិតស្និទ្ធ។ ក្រៅពីបង្ហាញពីសន្ទុះដ៏រឹងមាំនៅក្នុងទំនាក់ទំនងរវាងសិង្ហបុរីកម្ពុជា និងបានព្រមព្រៀងគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខស្បៀង ថាមពលកកើតឡើងវិញ និងសេដ្ឋកិច្ចឌីជីថល ប្រមុខការទូតសិង្ហបុរី ក៏បានប្រាប់ឱ្យដឹងដែរអំពីការផ្លាស់ប្តូរទស្សនៈលើការអភិវឌ្ឍក្នុងតំបន់ រួមទាំងស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជាថៃ ហើយឯកឧត្តមសង្ឃឹមថា សមាជិកអាស៊ានទាំងពីរ (កម្ពុជានិងថៃអាចពង្រឹងបទឈប់បាញ់ដែលកំពុងស្ថិតនៅជាធរមាន និងដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈការសន្ទនានិងការចរចា។

វត្តមានជាបន្តបន្ទាប់នៃមន្ត្រីជាន់ខ្ពស់កម្ពុជានៅក្រៅប្រទេស បន្ទាប់ពីដំណើរបេសកកម្មការទូតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប កាលពីចុងខែកុម្ភៈ បានឆ្លុះបញ្ចាំងពីការទូតសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តក្រោមនយោបាយ «ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី» របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមិនភ្លេចអាទិភាពខ្ពស់បំផុតរបស់ខ្លួនគឺ «ការការពារបូរណភាពទឹកដីនិងប្រជាជន» ក្នុងបរិបទជម្លោះព្រំដែនកម្ពុជាថៃ។

ឯកឧត្តម ប៉ែន បូណា បានបន្តទៀតថា កាលពីចុងខែកុម្ភៈកន្លងទៅ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏បានអញ្ជើញថ្លែងបទអន្តរាគមន៍ ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ដោយបានសង្កត់ធ្ងន់ថា សិទ្ធិមនុស្សមិនអាចរីកចម្រើនប្រកបដោយចីរភាពបានឡើយបើគ្មានសន្តិភាព ចំណែកឯការអភិវឌ្ឍក៏មិនអាចប្រព្រឹត្តទៅបានដែរបើគ្មានសន្តិសុខ។ ដូចគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ក្នុងទំនាក់ទំនងរដ្ឋនិងរដ្ឋ ការការពារសិទ្ធិមនុស្សនិងសេចក្តីថ្លៃថ្នូរ ត្រូវផ្អែកលើការគោរពយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព បូរណភាពទឹកដី និងច្បាប់អន្តរជាតិ។

ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានលើកឡើងពីផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកសិទ្ធិមនុស្សដោយសារជម្លោះប្រដាប់អាវុធកម្ពុជាថៃ ជាពិសេសវត្តមានកម្លាំងយោធាថៃកាន់កាប់ភូមិស្រុកកម្ពុជា ដែលនៅតែជាឧបសគ្គចម្បងដល់ការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅកាន់ផ្ទះសម្បែងរបស់គេវិញ ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ និងបានបញ្ជាក់ជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមយន្តការដែលបានឯកភាពគ្នា ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ច្បាប់អន្តរជាតិ៕

ដោយ៖ពលជ័យ

ads banner