លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បង្ហាញពីតម្លៃនៃសន្តិភាពពិតជាសំខាន់សម្រាប់ស្ត្រី
ភ្នំពេញ: លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បង្ហាញពីតម្លៃនៃសន្តិភាព ថាពិតជាសំខាន់សម្រាប់ស្ត្រីជាម្ដាយ ជាក្មេងស្រី និងគ្រួសារ ព្រោះការធានាបានសន្តិសុខ គឺជាបរិយាកាសប្រកបដោយភាពសុខុដុមរមនា ដែលជាទីសុខសាន្តសម្រាប់យើងទាំងអស់គ្នា ។
នាឱកាសអញ្ជើញជាអធិបតីភាពក្នុងព្រឹត្តិការណ៍ដើរ “ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា” ក្នុងយុទ្ធនាការអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលពិធីដើរចាប់ផ្តើមពីមុខវត្តបទុមវតី ឆ្ពោះទៅរមណីយវត្តភ្នំ ក្នុងរាជធានីភ្នំពេញព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ថា សម្រាប់ម្តាយម្នាក់ សន្តិភាព គឺនៅពេលដែលម្តាយឱបកូនដោយគ្មានការភ័យខ្លាច គ្មានការរត់ចាកចេញពីលំនៅឋាន ព្រោះថា មានតែលំនៅឋាននេះហើយ ដែលជាទីសុខសាន្តសម្រាប់យើងទាំងអស់គ្នា។
ក្នុងព្រឹត្តិការណ៍ដែលមានអ្នកចូលរួមប្រមាណ១.៧០០នាក់ លោកជំទាវបណ្ឌិតបានបន្តថា សម្រាប់ក្មេងស្រីម្នាក់វិញ សន្តិភាព គឺជាការជឿជាក់ក្នុងការអភិវឌ្ឍខ្លួន ការចូលរួមដោយគ្មានការរើសអើង ហើយជាការទទួលបាននូវការផ្តល់កតិ្តយសប្រកបដោយក្តីសង្ឃឹម។ សម្រាប់គ្រួសារ សន្តិសុខ គឺជាបរិយាកាសប្រកបដោយភាពសុខុដុមរមនា ការជួយគាំទ្រគ្នាទៅវិញទៅមក និងជាស្ថេរភាពភាពដែលអនុញ្ញាតឱ្យកូនៗរីកលូតលាស់ទៅជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។
ក្នុងឱកាសនោះ ស្ត្រីទីមួយកម្ពុជា បានបង្ហាញការអាណិតអាសូរ ចំពោះស្ត្រីកម្ពុជាមួយចំនួន ពិសេសអ្នករស់នៅព្រំដែនកម្ពុជា-ថៃ ដែលបានរងគ្រោះដោយសារអំពើឈ្លានពានរបស់កងទ័ពថៃ ដែលបានដិតដាមក្នុងចិត្តរបស់ពួកគេ ត្រូវស្ពានកូនរត់គេចសង្គ្រាម រស់នៅដោយក្តីលំបាកនៅក្នុងជំរំភៀសសឹក មានការព្រួយបារម្ភ និងមិនដឹងពេលណាសភាពការណ៍ នឹងអាចប្រឡប់មកដូចដើមវិញបាន ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ថា នៅចំពោះមុខស្ថានភាពបែបនេះ កាន់តែធ្វើឲ្យយល់ច្បាស់ថា សន្តិភាពគឺមានតម្លៃប៉ុណ្ណា ព្រោះពេលគ្រួសារមួយបែកចេញពីផ្ទះសម្បែង ទើបយើងដឹងថា ផ្ទះមិនមែនត្រឹមតែជាផ្ទះសម្រាប់ស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែផ្ទះគឺជាទីកន្លែង ដែលផ្ដល់នូវក្តីសុខ ។
លោកជំទាវបណ្ឌិត បានបន្ថែមថា ដូចនេះហើយ ការដើររួមគ្នានាពេលនេះ មិនមែនជាការដើរធម្មតានោះទេ រាល់ជំហាននីមួយៗ គឺជាសារដ៏មានអត្ថន័យ ជាជំហានដែលនិយាយថា យើងជ្រើសរើសសន្តិភាពជំនួសអំពើហិង្សា ជាជំហាននិយាយថា យើងជ្រើសរើសសាមគ្គីភាព ជំនួសការបែកបាក់ ជាជំហាននិយាយថា យើងជ្រើសរើសក្តីសង្ឃឹម ជំនួសការភ័យខ្លាច ហើយជាជំហាននិយាយថា យើងមិនទុកឲ្យស្ត្រី កុមារ និងគ្រួសារណាម្នាក់ ឈរតែម្នាក់ឯងនៅពេលណាលំបាកឡើយ ។
សូមបញ្ជាក់ថា កម្ពុជា ជាប្រទេសមាតាធិបតេយ្យ ដែលឱ្យតម្លៃស្ត្រីជាធំ និងបានចូលរួមអបអរសាទរទិវាអន្តរជាតិនារី ចាប់តាំងពីឆ្នាំ១៩៧៧ ក្នុងគោលបំណងគោរពដល់ការតស៊ូរបស់ស្ត្រីក្នុងការទាមទារសិទ្ធិ សេរីភាព និងសមភាព។ ជាលទ្ធផលគួរជាទីមោទកៈ ក្នុងទិដ្ឋភាពតំបន់និងសាកល កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១៣ ក្នុងចំណោម ១១៨ប្រទេស និងលេខ ២ ក្នុងតំបន់អាស៊ាន ក្នុងនាមជាប្រទេសដែលបានបញ្ជូនកងរក្សាសន្តិភាពស្ត្រី។ បន្ថែមពីលើនេះ កម្ពុជា បានក្លាយជាអ្នកនាំមុខក្នុងតំបន់ ក្នុងការលើកកម្ពស់អនុវត្តរបៀបវារៈ «ស្ត្រី សន្តិភាព និងសន្តិសុខ» ។
សូមរម្លឹកថា ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ពោល គឺចាប់តាំងពីឆ្នាំ២០០៦ មកដល់ឆ្នាំ២០២៦នេះ កម្ពុជា បញ្ជូនកងកម្លាំងមួកខៀវបានចំនួន ១០ ៤៤៥នាក់ ក្នុងនោះ មាននារីចំនួន ៩៩០នាក់ ទៅកាន់ ១២បេសកកម្ម នៅប្រទេសចំនួន១០ ដែលបច្ចុប្បន្ន កងកម្លាំងរក្សាសន្តិភាពកម្ពុជា ចំនួន ៦២៩នាក់ ក្នុងនោះនារី ១៣៥នាក់ កំពុងបំបេញបេសកម្មនៅប្រទេសចំនួន ៤ និង ៥ បេសកកម្ម ៕








ដោយ៖វណ្ណលុក