ហ្វីលីពីន ជំរុញការអនុម័តច្បាប់យកពន្ធ ត្រួតគ្នា ជាមួយកម្ពុជា ដើម្បីការពារផលប្រយោជន៍ក្រុមហ៊ុន

ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់នៃក្រសួងហិរញ្ញវត្ថុហ្វីលីពីន ជំរុញឱ្យព្រឹទ្ធសភាផ្ដល់សច្ចាប័នលើសន្ធិសញ្ញាពន្ធដារជាមួយកម្ពុជា ដើម្បីសម្រាលបន្ទុកពន្ធ និងបង្ការការយកពន្ធត្រួតគ្នាលើប្រាក់ចំណូលរបស់ក្រុមហ៊ុន និងពលករហ្វីលីពីនដែលកំពុងបំពេញការងារនៅក្នុងប្រទេសកម្ពុជា។


នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភា នៅថ្ងៃទី១២ ខែមីនានេះ លោកស្រី Euvimil Nina Asuncion អនុរដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ បានពន្យល់ថា កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) គឺជាឧបករណ៍គតិយុត្តដ៏សំខាន់ដែលនឹងជួយឱ្យវិនិយោគិន និងពលរដ្ឋហ្វីលីពីននៅកម្ពុជា ទទួលបានការបន្ធូរបន្ថយពន្ធ ជាជាងការជាប់ពន្ធពេញកម្រិតតាមច្បាប់ក្នុងស្រុករបស់កម្ពុជា។


លោកស្រី Asuncion បានសង្កត់ធ្ងន់ថា៖ បច្ចុប្បន្ន ក្រុមហ៊ុនហ្វីលីពីនដែលកំពុងដំណើរការនៅកម្ពុជា ត្រូវជាប់ពន្ធពេញកម្រិតតាមការកំណត់របស់រដ្ឋាភិបាលកម្ពុជា។ ដូច្នេះ ហ្វីលីពីន ចាំបាច់ត្រូវមានសន្ធិសញ្ញានេះ ដើម្បីផ្តល់ការការពារ និងធានាថាពួកគេទទួលបានអត្ថប្រយោជន៍ពន្ធដារ ស្រដៀងគ្នាទៅនឹងបណ្តាប្រទេសដទៃទៀតដែលមានកិច្ចព្រមព្រៀងជាមួយហ្វីលីពីនដែរ។
លោកស្រីបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះក៏ផ្តល់ផលចំណេញផ្ទាល់ដល់ពលករហ្វីលីពីនដែលកំពុង បំពេញ ការងារក្នុងប្រទេសកម្ពុជាផងដែរ ដោយអាច បន្ធូរបន្ថយ ការជាប់ពន្ធ លើ ប្រាក់ចំណូល ពី ចំនួន ២០% មកត្រឹម ១០% វិញ។


តាមទិន្នន័យបច្ចុប្បន្ន មានជនជាតិហ្វីលីពីនប្រមាណ ៤,០០០នាក់ និងក្រុមហ៊ុនហ្វ៊ីលីពីនយ៉ាងហោចណាស់ ១៣ កំពុងធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។
សន្ធិសញ្ញាពន្ធដារជាមួយកម្ពុជានេះ ត្រូវបានចុះហត្ថលេខាកាលពីខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងលុបបំបាត់ការយកពន្ធត្រួតគ្នា បង្ការការគេចពន្ធ និងជំរុញសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។


យោងតាមរដ្ឋធម្មនុញ្ញហ្វីលីពីន កិច្ចព្រមព្រៀងអន្តរជាតិនេះ តម្រូវឱ្យមានការយល់ព្រមពីព្រឹទ្ធសភាជាមុនសិន ទើបអាចដាក់ឱ្យអនុវត្តជាផ្លូវការបាន។
បន្ទាប់ពីចរចាអស់ រយៈពេលជិត ៥ឆ្នាំមករដ្ឋាភិបាលកម្ពុជា និងហ្វីលីពីន បានបញ្ចប់ ការចរចារសេចក្តីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធ ត្រួត គ្នា (DTA) រវាងប្រទេសទាំងពីរក្នុងគោលបំណង កែលម្អពាណិជ្ជកម្ម និងសម្រួល យន្តការ វិនិយោគ ។
គិតត្រឹមឆ្នាំ ២០២៥  កម្ពុជាមានកិច្ចព្រមព្រៀង DTA ចំនួន១១ បានចូលជាធរមាន រួមមាន សិង្ហបុរី ចិន ថៃ ព្រុយណេ វៀតណាម ឥណ្ឌូណេស៊ី ហុងកុង ម៉ាឡេស៊ី កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសម៉ាកាវ ប្រទេសតួកគី ជាដើម៕
 
ដោយ៖ទួន សុផល

ads banner