ធ្លាក់យន្តហោះចាក់ប្រេងតម្លៃជិត ៨០ លានដុល្លារនៅអ៊ីរ៉ាក់ ផ្តាច់ជីវិតយោធាអាមេរិកអស់ ៤ នាក់

វ៉ាស៊ីនតោន ៖ យោធាអាមេរិក ៤នាក់ ក្នុងចំណោមសមាជិកយានិក ៦នាក់ នៅលើយន្តហោះចាក់ប្រេងមានតម្លៃជិត ៨០លានដុល្លារមួយគ្រឿង ដែលបានធ្លាក់នៅតំបន់ភាគខាងលិចប្រទេសអ៊ីរ៉ាក់ ត្រូវបានប្រកាសថា បានស្លាប់ ខណៈដែលកិច្ចខិតខំនៅបន្ត ដើម្បីស្វែងយានិក ២នាក់ទៀត ដែលសេសសល់ ។

យន្តហោះចាក់ប្រេង KC-135 របស់យោធាអាមេរិកនេះ បានធ្លាក់នៅតំបន់ភាគខាងលិចប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងឧបទ្ទេវហេតុមួយដែលយោធានិយាយថា ជាប់ពាក់ព័ន្ធនឹងយន្តហោះមួយគ្រឿងទៀត ប៉ុន្តែមិនមែនជាលទ្ធផលនៃអរិភាព ឬការបាញ់ប្រហាររបស់មិត្តនោះឡើយ ។

ប៉ុន្តែ បើតាម Straits Times, កងជីវពលអ៊ីស្លាមនៅអ៊ីរ៉ាក់ ដែលជាក្រុមប្រដាប់អាវុធមួយគាំទ្រដោយអ៊ីរ៉ង់ បានចេញមុខអះអាងទទួលខុសត្រូវ ចំពោះការបាញ់ទម្លាក់យន្តហោះដឹកប្រេងរបស់យោធាអាមេរិកនេះ ។

យ៉ាងណា បញ្ជាការកណ្តាលអាមេរិក បាននិយាយថា ស្ថានភាពនៃឧបទ្ទេវហេតុនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយបានអះអាងថា ការបាត់បត់យន្តហោះចាក់ប្រេងនេះ មិនពាក់ព័ន្ធនឹងអរិភាព ឬការបាញ់ប្រហាររបស់សម្ព័ន្ធមិត្តនោះឡើយ ។

គួរបញ្ជាក់ថា យន្តហោះចាក់ប្រេងលើអាកាស KC-135 មានតម្លៃជិត ៨០លានដុល្លារក្នុងមួយគ្រឿង ហើយវាត្រូវបានសាងសង់ដោយក្រុមហ៊ុន Boeing ក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ និងដើមទសវត្សរ៍ឆ្នាំ ១៩៦០ ។ ការបាត់បង់យន្តហោះ KC-135 នេះ គឺជាការបាត់បង់យន្តហោះទី៤ របស់អាមេរិក ចាប់តាំងពីជម្លោះជាមួយអ៊ីរ៉ង់បានផ្ទុះឡើងកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ។

អស់រយៈពេល ៦០ឆ្នាំមកហើយ វាបានបម្រើជាឆ្អឹងខ្នងដ៏សំខាន់ សម្រាប់កងនាវាចាក់ប្រេងតាមអាកាសរបស់យោធាអាមេរិក និងមានសារៈសំខាន់ណាស់ ក្នុងការអនុញ្ញាតឱ្យយន្តហោះចម្បាំងនានា អនុវត្តបេសកកម្មដោយមិនចាំបាច់ចុះចតចាក់ប្រេងនៅលើដីគោក ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner