រដ្ឋមន្រ្តីក្រសួងកសិកម្មចូលរួមវេទិកាតភ្ជាប់កសិ-ចំណីអាហារ អូស្ត្រាលី-កម្ពុជា
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងវេទិកាតភ្ជាប់កសិ-ចំណីអាហារ អូស្ត្រាលី-កម្ពុជា “Australia-Cambodia Agrifood Connection Forum” នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្រ្តាលី ដែលជាទំនាក់ទំនងល្អ និងយូរអង្វែង ប្រកបដោយភាពរឹងមាំ ហើយឯកឧត្តមជឿជាក់ថា កម្មវិធីពេលនេះ នឹងជួយពង្រឹងភាពជាដៃគូបន្ថែមទៀត ជាពិសេសការវិនិយោគក្នុងវិស័យកសិ-ពាណិជ្ជកម្ម។
ជាមួយគ្នានេះ ឯកឧត្តម ឌិត ទីណា បានលើកឡើងអំពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម ជូនដល់វិនិយោគិនអូស្រ្តាលី ដោយឯកឧត្តមលើកទឹកចិត្តក្រុមហ៊ុនអូស្រ្តាលីចូលរួមសហការជាមួយសហគមន៍កសិកម្មទំនើប ដែលមានប្រព័ន្ធការងារជាក់លាក់ មានខ្សែច្រវាក់ផលិតកម្ម មានធនធានមនុស្សសម្រាប់ផលិតកម្មទំហំធំ និងមានស្តង់ដារបច្ចេកទេសត្រឹមត្រូវ។
ឯកឧត្តមរដ្ឋមន្រ្តី ស្វាគមន៍ដល់រាល់វិនិយោគិនទាំងអស់ ដែលមានបំណងក្នុងការវិនិយោគលើតភ្ជាប់ខ្សែច្រវាក់តម្លៃទាំងមូល ពោលគឺចាប់ពីការផលិត កែច្នៃវេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈកម្ពុជាមានកសិផលសក្តានុពលជាច្រើនប្រភេទ ដែលមានគុណភាពល្អប្រណិត និងមានតម្លៃបន្ថែមខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា និងបណ្តាពាណិជ្ជករអូស្រ្តាលី ដែលបានរៀបចំកម្មវិធីនេះឡើង ដើម្បីផ្គូផ្គងដៃគូកម្ពុជា-អូស្រ្តាលី សំដៅធានាបានផលប្រយោជន៍សម្រាប់ទាំងអស់គ្នា៕







