អ៊ីរ៉ង់ ថា មិនបានចរចាជាមួយអាមេរិក បន្ទាប់ពីលោក ត្រាំ ផ្អាកវាយរោងចក្រថាមពល
តេហេរ៉ង់ ៖ អ៊ីរ៉ង់ បដិសេធថា ខ្លួនមិនបានចរចា ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីលោក Donald Trump ពន្យារពេល លើគម្រោងការវាយប្រហារ តំបន់រោងចក្រថាមពល របស់ខ្លួន។
កាលពីថ្ងៃចន្ទ លោក Trump បានប្រកាសថា លោកបានពន្យារពេលគម្រាម វាយប្រហារបណ្តាញថាមពលរបស់អ៊ីរ៉ង់ ដោយសារតែ មានកិច្ចពិភាក្សា ប្រកបដោយផលិតភាព រវាងក្រុមបេសកជន របស់លោក ជាមួយនឹងមន្ត្រីអ៊ីរ៉ង់ ដែលមិនស្គាល់អត្តសញ្ញាណ។
មន្ត្រីអ៊ីស្រាអែលម្នាក់ និង ប្រភព ពីរ ផ្សេងទៀត ដែលដឹងអំពីបញ្ហានេះ បាននិយាយថា អ្នកសន្ទនា ខាងភាគីអ៊ីរ៉ង់ គឺ ប្រធានសភាដ៏មានឥទ្ធិពល លោក Mohammad Baqer Qalibaf។
ប៉ុន្តែ លោក Qalibaf បាននិយាយ នៅលើបណ្តាញសង្គម X ថា មិនមានការពិភាក្សាបែបនេះ ជាមួយសហរដ្ឋអាមេរិកទេ ហើយបានចំអកសំណើនេះថា «គ្មានការចរចាណាមួយ ត្រូវបានធ្វើឡើង ជាមួយសហរដ្ឋអាមេរិកនោះឡើយ ហើយព័ត៌មានក្លែងក្លាយ ត្រូវបានប្រើប្រាស់ ដើម្បីរៀបចំទីផ្សារហិរញ្ញវត្ថុ និង ប្រេង ក្នុងបំណងគេចចេញពីការប៉ះទង្គិច ដែល អាមេរិក និងអ៊ីស្រាអែល កំពុងជាប់ផុង»។
យ៉ាងណា បើតាម CNA, សេចក្តីប្រកាសរបស់លោក Trump ដែលថាបានចរចា ជាមួយអ៊ីរ៉ង់ និង ផ្អាកកម្ទេចរោងចក្រថាមពល បានធ្វើឱ្យតម្លៃប្រេង ធ្លាក់ចុះយ៉ាងខ្លាំង មកនៅខាងក្រោម ១០០ដុល្លារអាមេរិក ក្នុងមួយបារ៉ែល ជាការបញ្ច្រាស់ទីផ្សារ ភ្លាមៗ ដែលបណ្តាលមកពីការគំរាមកំហែង កាលពីចុងសប្តាហ៍ របស់លោក និង ការប្តេជ្ញារបស់អ៊ីរ៉ង់ ក្នុងការសងសឹកឆ្លើយតប៕
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត
