ធ្លាក់យន្តហោះយោធាកូឡុំប៊ី ផ្តាច់ជីវិតមនុស្សកើនដល់ ៦៦ នាក់
បូហ្គោតា ៖ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦៦ នាក់ និងជាច្រើននាក់ទៀតរងរបួសធ្ងន់-ស្រាល បន្ទាប់ពីយន្តហោះយោធាមួយគ្រឿងរបស់ប្រទេសកូឡុំប៊ី ដែលដឹកទាហានចំនួន ១២៥ នាក់ រួមទាំងក្រុមបុគ្គលិកអាកាសយានិក បានជួបគ្រោះថ្នាក់ធ្លាក់កាលពីព្រឹកថ្ងៃ ចន្ទ នេះបើតាមសេចក្តីរាយការណ៍ពីមន្ត្រីក្នុងតំបន់ ។
យន្តហោះយោធា C-130 Hercules បានធ្លាក់ភ្លាមៗ បន្ទាប់ពីទើបហោះហើរចាកចេញពីទីក្រុង Puerto Leguizamo ជិតព្រំដែនភាគខាងត្បូងជាប់ជាមួយប្រទេសអេក្វាឌ័រ និងប្រទេសប៉េរូ ។ ភ្លាមៗ មូលហេតុធ្លាក់យន្តហោះនៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ខណៈដែលការស៊ើបអង្កេតកំពុងឌំណើរការ ។
ផ្អែកតាមប្រភពពីប្រមុខកងទ័ពអាកាសកូឡុំប៊ី លោក Carlos Fernando Silva Rueda, មុនពេលជួបគ្រោះថ្នាក់ យន្តហោះដឹកជញ្ជូនយោធានេះ បានផ្ទុកមនុស្សសរុបចំនួន ១២៥ នាក់ ក្នុងនោះរួមមានទាហានចំនួន ១១៤ នាក់ និងបុគ្គលអាកាសយានិកចំនួន ១១ នាក់ ។
តាមរយៈបណ្តាញសង្គម X លោកប្រធានាធិបតីកូឡុំប៊ី Gustavo Petro បានពិពណ៌នាហេតុការណ៍នេះថា ជាគ្រោះថ្នាក់ដ៏គួរឱ្យរន្ធត់ ហើយបានសង្កត់ធ្ងន់លើតម្រូវការធ្វើទំនើបកម្មសម្ភារៈយោធា ។
បើតាម AFP, យន្តហោះ C-130H Hercules គឺជាយន្តហោះយោធាម៉ូដែលចាស់ ផលិតដោយក្រុមហ៊ុន Lockheed Martin និងត្រូវបានដាក់ឲ្យប្រើប្រាស់ជាលើកដំបូងក្នុងខែមីនា ឆ្នាំ១៩៦៥ ។
នេះជាករណីធ្លាក់ជាលើកទី២ហើយរបស់យន្តហោះដឹកជញ្ជូនយោធាធុន C-130 HERCULES ក្នុងអំឡុងពេលមិនដល់១ខែផង នៅតំបន់អាមេរិកខាងត្បូង ។ ជាក់ស្តែង យន្តហោះ C-130 HERCULES មួយគ្រឿងរបស់ប្រទេសបូលីវី ដែលប្រើប្រាស់ដើម្បីដឹកលុយ បានជួបគ្រោះថ្នាក់ធ្លាក់ឆេះ នៅពេលចុះនៅជិតក្រុង ឡាប៉ាស់ កាលពីថ្ងៃទី២៧ ខែកុម្ភៈឆ្នាំនេះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ២៤ នាក់ ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា



