កម្ពុជា-សិង្ហបុរីពង្រីកកិច្ចសហប្រតិបត្តិការ TVET និងបើកឱកាសការងារដល់ពលករកម្ពុជា

កម្ពុជា-សិង្ហបុរី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “កិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)” ដើម្បីពង្រីកកិច្ចសហការក្នុងការលើកកម្ពស់ស្តង់ដាបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែមានគុណភាពពេញលេញក្នុងការឆ្លើយតបទៅនឹងតម្រូវការផ្លាស់ប្តូរឧស្សាហកម្ម និងការប្រកួតប្រជែងជាសកល។

ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើងនារសៀលថ្ងៃទី២៤ ខែមីនា នៅទីស្តីការក្រសួងការងារ ដោយផ្តោតសំខាន់ទៅលើការអភិវឌ្ឍប្រព័ន្ធបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ TVET ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ ភាពជាអ្នកដឹកនាំ សមត្ថភាព ការសិក្សាអប់រំ និងគុណភាព TVET ក៏ដូចជាការផ្តល់អាជ្ញាបណ្ណ និងវិញ្ញាបនបត្រ TVET ដើម្បីធានាថា យុវជនកម្ពុជាដែលបញ្ចប់ការសិក្សា នឹងមានជំនាញពិតប្រាកដ និងសមត្ថភាពពេញលេញក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ ជាពិសេស គឺឱកាសការងារនៅសិង្ហបុរី។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា MoU នេះកើតចេញពីលទ្ធផលនៃកិច្ចប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងក្រសួង និង វិទ្យាស្ថានអប់រំសិង្ហបុរី ITEES ដោយមានការគាំទ្រយ៉ាងរឹងមាំពីស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា។ ឯកឧត្តមបានសម្តែងមោទកភាព ដែល ITEES បានសម្រេចជ្រើសរើសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជា«ដៃគូ» ក្នុងវិស័យជំនាញ និងសេវាអប់រំដ៏មានសារៈសំខាន់នេះ ដែលនឹងជួយលើកកម្ពស់វិស័យ TVET និងការអភិវឌ្ឍជំនាញនៅកម្ពុជាឲ្យឈានឡើងកម្រិតខ្ពស់ថែមទៀត។

ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយបើកចំហ ចំពោះអ្នកផ្តល់សេវាអប់រំបរទេស ដែលមិនត្រឹមតែសិង្ហបុរីប៉ុណ្ណោះទេ ប៉ុន្តែក្នុងពេលថ្មីៗនេះ កម្ពុជាក៏បានបង្កើតកិច្ចសហប្រតិបត្តិការជាមួយចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលីជាដើម។ ភាពជាដៃគូជាថ្មីនេះនឹងបន្តរួមចំណែកដល់ការបំប្លែងប្រព័ន្ធ TVET កម្ពុជា និងគាំទ្រចក្ខុវិស័យរួមគ្នា ក្នុងការអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ មានផលិតភាព និងមានសមត្ថភាពប្រកួតប្រជែង តាមរយៈ ITEES ដែលត្រូវបានស្គាល់ជាសកលសម្រាប់ប្រព័ន្ធ TVET ដ៏រឹងមាំ និងមានភាពធន់។

លោក Suresh Natarajan នាយកប្រតិបត្តិនៃវិទ្យាស្ថាន ITEES នៅសិង្ហបុរី បានបង្ហាញក្តីសេចក្តីរីករាយក្នុងការបន្ត MoU ថ្មីនេះ ដែលនឹងបង្កើតឱកាសឲ្យប្រជាពលរដ្ឋកម្ពុជាមួយចំនួនទទួលបានការងារនៅសិង្ហបុរីផងដែរ។ ត្រង់ចំណុចនេះ ភាគីទាំងពីរបានពិភាក្សាគ្នាពីស្ថានភាពទីផ្សារការងារទៅវិញទៅមក ដោយឯកឧត្តមរដ្ឋមន្រ្តីចង់ពង្រីកកិច្ចសន្យាការងារដល់ពលករខ្មែរនៅសិង្ហបុរីរហូតដល់៣ឆ្នាំ។

សូមបញ្ជាក់ថា ITEES បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលមន្ត្រី និងគ្រូបង្គោលកម្ពុជាបានជាង ៦ ០០០នាក់រួចមកហើយ ដែលគាំទ្រដល់ការពង្រឹងគុណភាពបណ្តុះបណ្តាល ការពង្រឹងការគ្រប់គ្រងស្ថាប័ន ឧត្តមភាពនៃការបង្រៀន និងការលើកកម្ពស់ភាពទាក់ទាញកម្លាំងពលកម្ម ក្នុងការរក្សាបាននូវភាពប្រកួតប្រជែងក្នុងតំបន់៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner