ប្រមុខការទូតកម្ពុជា៖ យើងពិបាកនិយាយគ្នាណាស់ជាមួយប្រទេសមួយ ដែលអាងអំណាចកាំភ្លើង
ប្រមុខការទូតកម្ពុជា បានលើកឡើពីការលំបាកក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសមួយ ដែលអាងតែលើអំណាចយោធា។ ទោះបីយ៉ាងណា កម្ពុជានៅតែជឿជាក់លើច្បាប់អន្តរជាតិ ហើយនឹងតតាំងដល់ទីបំផុតតាមផ្លូវច្បាប់ ដើម្បីការពារទឹកដីដែលជាមរតកដូនតា។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជាបានឆ្អែតឆ្អន់នឹងភ្លើងសង្គ្រាមអស់រយៈពេលជាង ៣០ឆ្នាំមកហើយ ហេតុនេះអ្វីដែលកម្ពុជាត្រូវការបំផុត គឺសន្តិភាព ដើម្បីអភិវឌ្ឍប្រទេសជាតិ។
នៅក្នុងឱកាសនាំទូតបរទេសនានាចុះពិនិត្យស្ថានភាពពលរដ្ឋភៀសសឹក នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសុក្រ ទី២៧ មីនានេះ ឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា កម្ពុជាមិនចង់បានជម្រើសយោធានោះទេ ប៉ុន្តែកម្ពុជាត្រូវបង្ខំចិត្តតតាំង ដើម្បីការពារបូរណភាពទឹកដី ដែលបន្សល់ទុកតាំងពីសម័យអាណានិគម ដោយមានទាំងផែនទី អនុសញ្ញា និងសន្ធិសញ្ញាច្បាស់លាស់។
ប្រមុខការទូតកម្ពុជាលើកឡើងថា ទោះបីយ៉ាងនេះក្តី ភាគីសៀមមិនគោរពឯកសារច្បាប់ទាំងនេះទេ ព្រោះចង់បានទឹកដីកម្ពុជា ចំណែកកម្ពុជាវិញ គឺបានត្រៀមខ្លួនជានិច្ចក្នុងការវាស់វែងព្រំដែនជាមួយថៃ ហើយកម្ពុជាក៏ត្រៀមលក្ខណៈរើផ្ទះសម្បែងរបស់ពលរដ្ឋផងដែរ ក្នុងករណីវាស់វែងទៅឃើញថា មានការចូលទៅខាងដីប្រទេសថៃ ហើយថៃក៏ត្រូវធ្វើដូចគ្នាផងដែរក្នុងករណីមានការកាន់កាប់ចូលដីកម្ពុជា។
ប៉ុន្តែ ថៃមិនធ្វើបែបនេះទេ គឺបានប្រើកម្លាំងកាន់កាប់ និងដោតទង់ជាតិលើទឹកដីខ្មែរ ដែលឯកឧត្តមឧបនាយករដ្ឋមន្រ្តីចាត់ទុកថា ជារឿងហួសចិត្តមួយ។ ឯកឧត្តមបន្ថែមថា វាជាការពិបាកណាស់ក្នុងការនិយាយគ្នាជាមួយប្រទេសមួយដែលអាងអំណាចកាំភ្លើង តែយ៉ាងណា កម្ពុជានឹងបន្តការតស៊ូតាមផ្លូវច្បាប់ និងស្វែងរកការគាំទ្រពីប្រទេសជាមិត្ត។
ប៉ុន្តែប្រមុខការទូតកម្ពុជាលើកឡើងថា ដំណោះស្រាយបញ្ហាព្រំដែនអាចប្រើពេលយូរ ព្រោះមានគម្រូអាក្រក់លើពិភពលោក ដែលប្រទេសមានកម្លាំងយោធាខ្លាំងទៅឈ្លានពានយកដីរបស់ប្រទេសខ្យោយជាង។ ទោះយ៉ាងណា អាស៊ានមានគោលការណ៍ស្មើភាព និងគោរពគ្នាទៅវិញទៅមក។
សូមបញ្ជាក់ថា គោលបំណងនៃការដឹកនាំអង្គទូតចុះទៅកាន់តំបន់ព្រំដែននេះ គឺដើម្បីបង្ហាញឱ្យពិភពលោកបានឃើញផ្ទាល់ភ្នែកនូវសកម្មភាពខុសច្បាប់របស់យោធាថៃ ដែលកំពុងរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ជាមួយការដាក់ទូកុងតឺន័រ និងព័ទ្ធរបងបន្លាលួសឈ្លានពានកាន់កាប់ទឹកដីកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជាគ្រាន់តែព្យាយាមយកអ្វីដែលជារបស់ខ្លួនមកវិញប៉ុណ្ណោះ ដោយមិនចង់បានទឹកដីប្រទេសណាមួយ ដែលមិនមែនជារបស់ខ្លួនឡើយ៕






ង៉ាន់ ទិត្យ + សុផល