ស្ថាប័នរដ្ឋចំនួន ១៦ កំពុងប្រើ AI ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តដល់ក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន សិស្សានុសិស្ស ក៏ដូចជាប្រជាជនទូទៅ ធ្វើការស្វែងយល់ និងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់ជាជំនួយក្នុងការធ្វើប្រតិបត្តការផ្សេងៗ រួមទាំងការធ្វើអាជីវកម្ម និងបម្រើក្នុងសេដ្ឋកិច្ច ដើម្បីចំណេញពេលវេលា និងថវិកា។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ឯកឧត្តម បានគូសបញ្ជាក់ថា បញ្ញាសិប្បនិម្មិត បាននិងកំពុង លេចរូបរាងឡើងនៅក្នុងសកលលោក ដោយប្រព័ន្ធបច្ចេកវិទ្យានេះមានរចនាសម្ព័ន្ធធំជាងគេ នៅក្នុងចំណោមបច្ចេកវិទ្យាជាច្រើន។ ប្រទេសនៅលើពិភពលោកទាំងអស់កំពុងចាប់យកអត្ថប្រយោជន៍ពី AI សម្រាប់ការប្រើប្រាស់ក្នុងរាល់ប្រតិបត្តិការផ្សេងៗ។ តែទោះបីយ៉ាងណា AI ក៏មានគុណវិបត្តិ ដែលតម្រូវឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងកំហុសផ្សេងៗ។

ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា មានក្រសួង -ស្ថាប័នចំនួន ១៦ កំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត លើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ហើយមកដល់បច្ចុប្បន្ន ក៏មានក្រសួងស្ថាប័នជាច្រើនទៀតបានប្រើប្រាស់ AI លើកិច្ចការផ្សេងៗ។ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏បានប្រើប្រាស់ AI លើការផ្ទៀតផ្ទាត់អត្តសញ្ញាណប័ណ្ណរបស់អ្នកស្នើសុំផងដែរ។

ចំណែកឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនៅតែបន្តប្តេជ្ញាចិត្តពង្រឹងប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាតិ ដោយផ្តល់អាទិភាពលើការលើកកម្ពស់ ការស្រាវជ្រាវ និងអភិវឌ្ឍន៍, ការគាំទ្រការផ្ទេរបច្ចេកវិទ្យា, ការជំរុញកំណើនសហគ្រាសថ្មីៗ និងការលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ និងឧស្សាហកម្ម។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថា គោលនយោបាយរបស់រដ្ឋាភិបាលតែមួយមុខ គឺមិនគ្រប់គ្រាន់ឡើយ។ ដូចនេះ ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍មួយដ៏រឹងមាំ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួត និងមានប្រសិទ្ធភាព ពីបណ្តាតួអង្គវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាតិ និងអន្តរជាតិ ក៏ដូចជាការចូលរួមពីក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដោយត្រូវកំណត់តួនាទីច្បាស់លាស់ ដើម្បីធានាលទ្ធផលជាក់ស្តែងតាមការរំពឹងទុក៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner