លោកជំទាវ ពេជ ចន្ទមុន្នី ៖រយៈពេល ៧១ឆ្នាំ កាកបាទក្រហមកម្ពុជាបានខិតខំយ៉ាងខ្លាំង បំពេញតួនាទីក្នុងវិស័យមនុស្សធម៌
ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានគូសបញ្ជក់ថា រយៈពេល ៧១ឆ្នាំ កន្លងមកនេះកាកបាទក្រហមកម្ពុជាបានខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ដើម្បីបំពេញតួនាទីជាជំនួយការជូនអាជ្ញាធរសាធារណៈនៅក្នុងវិស័យមនុស្សធម៌។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងកាលរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់កាលកណ្តាលកាកបាទក្រហមកម្ពុជាក្នុងឱកាសបិទកិច្ចប្រជុំស្តីពី “អភិបាលកិច្ច និងការគ្រប់គ្រង” ថា រយៈពេល ៧១ឆ្នាំ កន្លងមកនេះ កាកបាទក្រហមកម្ពុជា ពិតជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជម្នះគ្រប់ឧបសគ្គ ដើម្បីបំពេញតួនាទីជាជំនួយការជូនអាជ្ញាធរសាធារណៈនៅក្នុងវិស័យមនុស្សធម៌ រួមមានជាអាទិ៍ក្នុងពេលមានគ្រោះមហន្តរាយ វិបត្តិភ័យ សង្គ្រាម និងសន្តិភាព ។
លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណលោកស្រី ដូសា ណាហ្សាមី សាលម៉ាន(Dorsa Nazami-Salman) ប្រធានបេសកកម្ម អន្តរជាតិកាកបាទក្រហម (ICRC )ដែលតែងផ្តល់កិច្ចសហប្រតិបត្តិការល្អ ការរួមសុខរួមទុក្ខ និងការគាំទ្រផ្សេងៗ ដើម្បីជួយជំរុញដល់កាកបាទក្រហមកម្ពុជា។
ដោយឡែកចំពោះកិច្ចប្រជុំស្តីពី “អភិបាលកិច្ច និងការគ្រប់គ្រង” លោកជំទាវបញ្ជាក់ថាគឺជាការបង្ហាញនូវឆន្ទៈរួមគ្នាគិតគូរទៅលើប្រព័ន្ធគ្រប់គ្រង ការកំណត់តួនាទីភារកិច្ចឱ្យកាន់តែច្បាស់លាស់ ទំនួលខុសត្រូវនិងគណនេយ្យភាព ដើម្បីបន្តជួយជំរុញឱ្យស្ថាប័នកាកបាទក្រហមកម្ពុជា មានសមត្ថភាពកាន់តែរឹងមាំបន្ថែមទៀត មានភាពធន់ ព្រមទាំងមានការត្រៀមលក្ខណៈរួចជាស្រេចឆ្លើយតបទៅនឹងគ្រប់ស្ថានការណ៍ ដែលនឹងកើតមានឡើងជាយថាហេតុ ដោយសារតែការផ្លាស់ប្តូររបត់នយោបាយ រួមជាមួយនឹងស្ថានភាពពិភពលោកដែលវិវត្តន៍កាន់តែស្មុគ្រស្មាញឡើងៗ។
ជាលទ្ធផលនៃកិច្ចប្រជុំ លោកជំទាវបណ្ឌិត បានឯកភាពលើទិសដៅការងារបន្តរបស់អង្គប្រជុំជូនគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិ មានដូចជា (១) អភិបាលកិច្ចល្អ ក្នុងការកំណត់តួនាទីភារកិច្ចយ៉ាងច្បាស់លាស់ (២)ការពង្រឹងតម្លាភាព និងគណនេយ្យភាព ដើម្បីជាដើមទុននៃការជឿទុកចិត្ត (៣)ការបន្តរៀនសូត្រ និងកែលម្អជានិច្ច (៤)កាតព្វកិច្ចក្នុងការរក្សាសុវត្ថិភាពការងារ (៥)ការអនុលោមតាមច្បាប់មនុស្សធម៌អន្តរជាតិ និង(៦)ទិវា ៨ ឧសភា គឺជាចលនាមនុស្សធម៌ដ៏ផុលផុស ៕








ដោយ៖ វណ្ណលុក