វិស័យទេសចរណ៍កម្ពុជាកំពុងប្រឈមបញ្ហាចម្រុះ ទាំងកម្រិតជាតិ តំបន់ និងសកល
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពផ្សព្វផ្សាយស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោក ដែលកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ការប្រែប្រួលឆាប់រហ័ស និងការរីករាលដាលនៃព័ត៌មានក្លែងក្លាយ។
ឯកឧត្តម ហួត ហាក់ បានលើកឡើងថា វិស័យទេសចរណ៍កម្ពុជាកំពុងប្រឈមបញ្ហាចម្រុះ ចាប់ពីកម្រិតជាតិ តំបន់ រហូតដល់កម្រិតសកល ដែលបង្កឱ្យមានសម្ពាធលើការអភិវឌ្ឍ និងការរីកចម្រើនរបស់វិស័យនេះ។
ឯកឧត្តមបានបញ្ជាក់ថា នៅកម្រិតជាតិ បញ្ហាឆបោកអនឡាញ និងទំនាស់ព្រំដែន បានបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានលើវិស័យទេសចរណ៍។ ខណៈនៅកម្រិតតំបន់ និងសកល វិស័យនេះក៏រងផលប៉ះពាល់ពីបញ្ហាភូមិសាស្ត្រនយោបាយ សង្គ្រាមនៅតំបន់នានា ជាពិសេសសង្រ្គាមបច្ចុប្បន្ននៅមជ្ឈឹមបូព៌ា ដែលនាំឲ្យកើនឡើងតម្លៃប្រេងឥន្ធនៈ និងឧស្ម័ន ហើយជាលទ្ធផលធ្វើឱ្យថ្លៃដើមសេវាកម្ម និងការធ្វើដំណើរឡើងខ្ពស់ ជាពិសេសតម្លៃសំបុត្រយន្តហោះ។
បន្ថែមពីនេះ ព័ត៌មានក្លែងក្លាយក៏ជាបញ្ហាប្រឈមសំខាន់មួយ ដែលប៉ះពាល់ដល់ភាពទុកចិត្តរបស់ភ្ញៀវទេសចរលើសុវត្ថិភាពនៃការដើរកម្សាន្តនៅកម្ពុជា។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់ព័ត៌មានមិនពិត ព្រមទាំងបន្តជំរុញការផ្សព្វផ្សាយផលិតផលទេសចរណ៍ឱ្យបានទូលំទូលាយ ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ឯកឧត្តម ហួត ហាក់ បានបញ្ជាក់បន្ថែមថា កាលពីឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរបានថយចុះប្រមាណ ១៦,៧% ប៉ុន្តែចំណូលសរុបជូនជាតិវិញបានកើនឡើងដល់ ៣ពាន់ ៨រយលានដុល្លារអាមេរិច ពោលគឺច្រើនជាងឆ្នាំ២០២៤ប្រមាណ២០០លានដុល្លារ។ យោងតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ កត្តានេះ គឺដោយសារភ្ញៀវដែលមកកម្សាន្តនៅកម្ពុជាកាលពីឆ្នាំមុន ជាប្រភេទភ្ញៀវកម្រិតខ្ពស់ ដែលធ្វើការចំណាយច្រើន ហើយភាគច្រើនមកពីតំបន់អ៊ឺរ៉ុប អាមេរិក និងចិន។
ក្នុងបរិបទបញ្ហាប្រឈមទាំងនេះ ក្រសួងទេសចរណ៍បានដាក់ចេញវិធានការសំខាន់ៗ ដើម្បីពង្រឹងវិស័យទេសចរណ៍ ដោយផ្តោតលើការពង្រឹងយុទ្ធសាស្ត្រទីផ្សារ ទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានចំគោលដៅ និងលើកកម្ពស់កិត្តិនាមកម្ពុជា លើឆាកអន្តរជាតិ ព្រមទាំងស្វែងរកទីផ្សារថ្មីៗបន្ថែម។ ជាមួយគ្នានេះ ក៏មានការលើកទឹកចិត្តឱ្យមានជើងហោះហើរត្រង់ដោយផ្ទាល់ និងការសម្រួលនីតិវិធីធ្វើដំណើរចូលមកកម្ពុជា រួមទាំងការសាកល្បងលើកលែងទិដ្ឋាការនាពេលខាងមុខសម្រាប់ភ្ញៀវទេសចរចិនផងដែរ។
លើសពីនេះ ក្រសួងក៏ផ្តោតលើការពង្រឹងគុណភាពសេវាកម្ម និងការបង្កើតផលិតផលទេសចរណ៍ថ្មីៗឱ្យមានភាពទាក់ទាញ ព្រមទាំងកំពុងអភិវឌ្ឍកម្មវិធីឌីជីថល «Visit Cambodia App» និងការជំរុញទេសចរណ៍ក្នុងស្រុក តាមរយៈការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នៅតាមបណ្តាខេត្តនានា៕






អត្ថបទ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា