កម្ពុជាព្រមានពីការកើនឡើងកម្ដៅខ្លាំង និងជំរុញឱ្យ ចូលរួមទប់ស្កាត់អគ្គិភ័យនៅតាមមូលដ្ឋាន
ភ្នំពេញ៖ក្រសួងបរិស្ថានកម្ពុជានៅថ្ងៃព្រហស្បតិ៍ទី២ ខែមេសា ឆ្នាំ២០២៦ នេះបានបង្ហាញថា សីតុណ្ហភាពមានការ កើនឡើង នៅ ទូទាំងប្រទេស ដែលអាចបង្កឱ្យមានហានិភ័យនៃអគ្គិភ័យលើផ្ទះសម្បែង និងភ្លើងឆេះព្រៃជាដើម។ ទន្ទឹមនេះក្រសួងក៏បានដាស់តឿនសាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមបង្ការចំពោះស្ថានភាពគួរបារម្ភនេះ។
ក្រសួងបរិស្ថានឱ្យដឹងថា ស្ថានភាពអាកាសធាតុក្តៅ និងស្ងួត មានរយៈពេលយូរក្នុងពេលេះជាច្រើនសប្តាហ៍ខាងមុខ អាចបណ្តាលឱ្យមានអគ្គិភ័យ និងភ្លើងអាចឆេះរីករាលដាលយ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងតំបន់លំនៅដ្ឋាន ដីកសិកម្ម និងតំបន់ព្រៃឈើ ប្រសិនបើមិនមានការប្រុងប្រយ័ត្ន និងមានវិធានការចូលរួមការពារ បង្ការ និងទប់ស្កាត់ឱ្យបាន។
ចំពោះស្ថានភាពនេះក្រសួងបរិស្ថានបានអំពាវនាវដល់ប្រជាពលរដ្ឋ កុំដុតសំណល់កសិកម្ម សំរាម ឬរុក្ខជាតិនៅជិតផ្ទះ នៅតាមមូលដ្ឋាន និងសហគមន៍ ។ក្រសួងដាស់តឿនថា សូម្បីតែកម្ទេចភ្លើងតូចៗ ក៏អាចចេញពីការគ្រប់គ្រងមិនបានត្រឹមត្រូវ ក៏អាចឆាបឆេះយ៉ាងឆាប់រហ័ស ក្រោមលក្ខខណ្ឌកំដៅខ្លាំង និងខ្យល់បក់ខ្លាំង។
កន្លងទៅក្រសួងបរិស្ថានធ្លាប់បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយរួចហើយថា “ភ្លើងដែលបណ្តាលមកពីការធ្វេសប្រហែស អាចរាលដាលដល់ផ្ទះក្បែរខាង បំផ្លាញទ្រព្យសម្បត្តិ និងគំរាមកំហែងដល់អាយុជីវិត” ។ដោយឡែកប្រសិនបើមានភ្លើងឆេះព្រៃ ក៏អាចនាំឱ្យមានការខូចខាតបរិស្ថានយ៉ាងខ្លាំង និងការបាត់បង់ជីវៈចម្រុះផងដែរ។
ក្រសួងបរិស្ថានក៏ស្នើដល់អាជ្ញាធរមូលដ្ឋាន ឱ្យពង្រឹងការត្រួតពិនិត្យ និងវិធានការឆ្លើយតបរហ័ស ជាពិសេសនៅក្នុងតំបន់ ដែលមានហានិភ័យខ្ពស់ ដើម្បីការពារឧប្បត្តិហេតុ ដែលអាចបង្កទៅជាអគ្គិភ័យទ្រង់ទ្រាយធំ និងបានអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការដោយអនុវត្តតាមគោលការណ៍ណែនាំ និងវិធានការរបស់អាជ្ញាធរមានសមត្ថកិច្ចស្តីពីការបង្ការអគ្គិភ័យ ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយអគ្គិភ័យ និងធានាសុវត្ថិភាពក្នុងការរស់នៅរបស់សហគមន៍ ក្នុងរដូវប្រាំង៕



ដោយ៖ង៉ាន់ ទិត្យ