ក្រសួងរៀបចំដែនដី រៀបចំពិធីសូត្រមន្តអបអរសាទរបុណ្យចូលឆ្នាំថ្មី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត តាមទំនៀមទំលាប់ប្រពៃណីខ្មែរ ដើម្បីសុំសិរីសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ រួមទាំងប្រជាពលរដ្ឋទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលខិតជិតមកដល់នាពេលឆាប់ៗខាងមុខ។

ពិធីនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ឌិត នីតា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

ពិធីនេះ មិនត្រឹមតែជាការបួងសួងសុំសេចក្តីសុខ សេចក្ដីចម្រើនពីទេវតាឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការឧទ្ទិសបុណ្យកុសល ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន និងវីរជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ និងមាតុភូមិផងដែរ។

បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក៏មានការសម្តែងរបាំត្រុដិ ដើម្បីបណ្តេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលសិរីសួស្តីបវរមហាប្រសើរនៅក្នុងឆ្នាំថ្មី ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមីនេះ នឹងចូលមកដល់នៅថ្ងៃអង្គារ ១២រោច ខែចេត្រ អដ្ឋស័ក ព.ស.២៥៧០ (ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦)។ ទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី ជាបុត្រីទី៣នៃកបិលមហាព្រហ្ម នឹងយាងចុះមកនៅវេលាម៉ោង ១០៖៤៨នាទីព្រឹក ថ្ងៃទី១៤ ខែមេសា ខាងមុខ ដើម្បីប្រទានសិរីល្អក្នុងឆ្នាំនេះ៕

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner