រដ្ឋមន្រ្តីពាណិជ្ជកម្ម ចូលរួមក្នុងកិច្ចពិគ្រោះយោបល់ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន និងកិច្ចប្រជុំពិសាអាហារការងារពេលល្ងាចថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី២៥

ប្រទេសថៃ៖ កាលពីល្ងាចថ្ងៃចន្ទ ៣ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែ
មេសា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានចូលរួមក្នុងកិច្ចពិគ្រោះយោបល់ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN BAC) និងប្រជុំពិសាអាហារការងារពេលល្ងាចថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី២៥ ដែលរៀបចំឡើងនៅសណ្ឋាគារ Angsana Laguna Phuket នៅកោះភូកេត ប្រទេសថៃ។
 
កិច្ចពិគ្រោះយោបល់ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន មានការអញ្ជើញ ចូលរួមពីរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានទាំង១០ អគ្គលេខាធិការអាស៊ាន គណៈ ប្រតិភូនៃ ប្រទេសសមាជិកអាស៊ាន លេខាធិការដ្ឋាន អាស៊ាន និងតំណាង ASEAN BAC ដោយផ្តោត សំខាន់លើការពង្រឹងអាស៊ាន ៤.០ ជាពិសេសសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រាសមីក្រូ តូច និងមធ្យម គោលនយោបាយ និងធនធានមនុស្ស, កិច្ចសម្រួលពាណិជ្ជកម្ម និងការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់។
 
នាយប់ថ្ងៃចន្ទនេះផងដែរ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិសា អាហារការងារពេលល្ងាចថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ដឹកនាំដោយលោកជំទាវ Chutima Bunyapraphasara រដ្ឋមន្រ្តីស្តីទី នៃក្រសួងពាណិជ្ជកម្មថៃ និង មានការអញ្ជើញចូលរួមពីសំណាក់ឧត្តមមន្រ្តី និងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន អគ្គលេខាធិការអាស៊ាន និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន។ រដ្ឋមន្រ្តីទាំងអស់បានពិនិត្យ និងអនុម័តលើវិស័យសេដ្ឋកិច្ចជាអាទិភាពរបស់ប្រទេសថៃ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០១៩ ក្រោមប្រធានបទ “ពង្រឹង ភាពជាដៃគូសម្រាប់ចីរភាព” ដែលផ្តោតទៅលើការរៀបចំខ្លួនសម្រាប់បដិវត្តន៍ឧស្សាហកម្ម ៤.០ ពង្រឹងការតភ្ជាប់អាស៊ានតាមរយៈពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាស៊ាន។ កិច្ចប្រជុំក៏បានពិនិត្យ និងឯកភាពលើការទទួលស្គាល់ទៅវិញទៅមកស្តីពីយានយន្ត និងយន្តការដោះស្រាយជម្លោះដែលត្រូវបានកែសម្រួល។ កិច្ចប្រជុំក៏បានពិភាក្សាលើសំណើបង្កើតសហគមន៍អាស៊ីខាង កើត ក៏ដូចជាការចូលរួមវិភាគទានដល់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីខាងកើត (ERIA) ផងដែរ។
 
ក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបអំពីសំណើរបស់កម្ពុជា ក្នុងស្នើសុំឲ្យមានសេចក្តីប្រកាសរួមអាស៊ានស្តីពី ការដាក់វិធានការការពាររបស់សហភាពអឺរ៉ុបមកលើអង្ករ Indica កម្ពុជា ដែលធ្វើ
ឲ្យ ប៉ះ ពាល់ដល់ការនាំចេញអង្កររបស់កម្ពុជា និងស្នើឲ្យប្រទេសជាសមាជិកអាស៊ានណែនាំស្ថានបេសកកម្មរបស់ខ្លួនប្រចាំអង្គការពាណិជ្ជកម្មពិភពលោក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីចេញសេចក្តីប្រកាសគាំទ្រកម្ពុជា។ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបានឯកភាព និងគាំទ្រសំណើរបស់របស់កម្ពុជានេះ។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner