ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជួបសំណេះសំណាលជាមួយនិវត្តជននៃសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាវិស័យប្រៃសណីយ៍និងទូរគមនាគមន៍

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តជននៃសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាជិក សមាជិកាសមាគម និងនិវត្តជន សរុបប្រមាណ ៣៥០ រូប នៅទីស្តីការក្រសួង។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បាននាំនូវសេចក្តីនឹករលឹកចំពោះនិវត្តជន និងអតីតមន្រ្តីរាជការនៃ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់អតីតយុទ្ធជន និងនិវត្តជនគ្រប់ៗរូប។ គតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការពង្រីកវិសាលភាពសមាគមអតីតយុទ្ធជនកម្ពុជា ឱ្យគ្របដណ្តប់ដល់និវត្តជនទូទៅផងដែរ បានបង្ហាញពីចក្ខុវិស័យវែងឆ្ងាយ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះសុខុមាលភាព និងគុណតម្លៃរបស់អ្នកដែលបានបម្រើជាតិគ្រប់ជំនាន់។ អនុវត្តតាមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់នេះ ឯកឧត្តមរដ្ឋមន្រ្តី បានប្តេជ្ញាចិត្តបន្តជំរុញការលើកកម្ពស់សុខុមាលភាព និងការគោរពដ៏ជ្រាលជ្រៅចំពោះនិវត្តជនទាំងអស់ ដែលបានបំពេញភារកិច្ចយ៉ាងសកម្ម និងមានសារៈសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចជាការកសាងសមិទ្ធផលសំខាន់ៗជូនជាតិមាតុភូមិនាពេលកន្លងមក។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសរំលេចអំពីការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ជាពិសេសបច្ចេកវិទ្យាឌីជីថល។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថាក្រសួងបានចាត់ទុកថា ការងារកែទម្រង់ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ដើម្បីឈានឆ្ពោះទៅរកការលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពកាងារដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។ នាពេលកន្លងមក ក្រសួង សម្រេចបានលទ្ធផលជាច្រើនគួរទីមោទនៈលើការកែលម្អនិងពង្រឹងគុណភាពនៃការគ្រប់គ្រងកិច្ចការផ្ទៃក្នុងក្រសួង ការគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រងនិងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ដែលបង្កើតបានជាមូលដ្ឋានសម្រាប់គាំទ្រដល់ការអភិវឌ្ឍ និងអភិបាលកិច្ចលើវិស័យក្នុងដែនសមត្ថកិច្ចរបស់ក្រសួង។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពគំរូជាច្រើន របស់និវត្តជន ដែលបានកសាងមូលដ្ឋានគ្រឹះសម្រាប់សមិទ្ធផលនានា ដែលក្រសួងសម្រេចបានមកដល់បច្ចុប្បន្ន តាមរយៈការខិតខំបំពេញការងារ លះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ក្នុងការជំរុញនិងអភិវឌ្ឍវិស័យក្រោមសមត្ថកិច្ចរបស់ក្រសួង ដែលជាការចូលរួមចំណែកដ៏ធំធេងក្នុងការស្ថាបនាជាតិ និងបម្រើផលប្រយោជន៍របស់ប្រជាជនកម្ពុជាទាំងមូល។

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner