WHO ថា មានការវាយប្រហារលើមូលដ្ឋានសុខាភិបាល អ៊ីរ៉ង់
បរទេស ៖ អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានព្រមាន កាលពីថ្ងៃសុក្រ អំពី ការវាយប្រហារជាច្រើនដង លើមូលដ្ឋានសុខភាព នៅក្នុងប្រទេសអ៊ីរ៉ង់ នៅរយៈពេល ប៉ុន្មានថ្ងៃថ្មីៗនេះ ពោលគឺ បន្ទាប់ពីការវាយប្រហារតាមអាកាស ទៅលើវិទ្យាស្ថានប៉ាស្ទ័រ ក្នុងទីក្រុងតេហេរ៉ង់។
ប្រធាន អង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានសរសេរ នៅលើទំព័រ បណ្តាញសង្គម X ថា «ការវាយប្រហារជាច្រើនលើក លើអគារសុខាភិបាល ត្រូវបានគេរាយការណ៍ នៅក្នុងរដ្ឋធានី Tehran របស់អ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ ចំពេលមានជម្លោះ កាន់តែខ្លាំងឡើង នៅមជ្ឈិមបូព៌ា» ។
លោកបាននិយាយថា វិទ្យាស្ថានប៉ាស្ទ័រ បានរងការខូចខាតយ៉ាងខ្លាំង ហើយត្រូវបានបង្ហាញថា មិនអាចបន្តផ្តល់សេវាសុខភាពបានទេ។
អ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់ លោក Hossein Kermanpour បានបង្ហោះរូបភាព នៅលើបណ្តាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍ បង្ហាញពីអគារ ដែលរងការខូចខាត យ៉ាងធ្ងន់ធ្ងរ ដោយផ្នែកខ្លះ នៃ អគារ ត្រូវបានក្លាយទៅជាកម្ទេចថ្ម។
ទីភ្នាក់ងារសារព័ត៌មាន ISNA របស់អ៊ីរ៉ង់ បានរាយការណ៍ថា «សេវាកម្មរបស់វិទ្យាស្ថានប៉ាស្ទ័រអ៊ីរ៉ង់ មិនត្រូវបានរំខាន ដោយការវាយប្រហារទាំងនេះទេ» ដោយបន្ថែមថា ការផលិតវ៉ាក់សាំង និងសេរ៉ូម នឹងបន្ត»។
ប្រភពបានសរសេរ នៅលើកម្មវិធីផ្ញើសារ តាមរយៈ Telegram ថា «ជាសំណាងល្អ គ្មាននិយោជិតណាម្នាក់ របស់វិទ្យាស្ថានប៉ាស្ទ័រ ក្នុងប្រទេសអ៊ីរ៉ង់ បានទទួលគ្រោះថ្នាក់ ក្នុងការវាយប្រហារ នាពេលថ្មីៗនេះ ដែលបង្កឡើងដោយ សហរដ្ឋអាមេរិក និង របប សាយ ណេស (Zionist) »។ របប Zionist ដែលអ៊ីរ៉ង់ សំដៅលើ អ៊ីស្រាអែល៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត