បួគីណាហ្វាសូ ថា ប្រទេសខ្លួនមិនត្រូវការលទ្ធិប្រជាធិបតេយ្យ
អៅហ្គាឌូហ្គោ ៖ ប្រមុខរបបយោធា ប្រទេស បួគីណាហ្វាសូ នៅអាហ្វ្រិក និយាយថា ប្រទេសរបស់ខ្លួន មិនត្រូវការលទ្ធិប្រជាធិបតេយ្យ ដោយជំរុញឲ្យប្រជាជនត្រូវតែ បំភ្លេច លទ្ធិប្រជាធិបតេយ្យ ចោល។
លោក Ibrahim Traore បានអះអាងបែបនេះ កាលពីថ្ងៃព្រហស្បតិ៍ អំឡុងពេលផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍ជាតិ RTB ។ លោក Ibrahim Traore គឺជាមេដឹកនាំ ដែលបានចូលកាន់តំណែង តាមរយៈរដ្ឋប្រហារ ឆ្នាំ២០២២ ពោលគឺ បន្ទាប់ពីបានផ្តួលរំលំរបបយោធាមួយផ្សេងទៀត ។
ប្រមុខរបបយោធា រូបនេះ បានរៀបរាប់ថា ប្រជាជននៃប្រទេស បួគីណាហ្វាសូ ត្រូវតែ បំភ្លេច អំពីលទ្ធិប្រជាធិបតេយ្យ។
លោក Traore អះអាងទៀតថា «យើងមិននិយាយ សូម្បីតែអំពីការបោះឆ្នោត ជាដំបូង…ប្រជាជនត្រូវបំភ្លេច ពីបញ្ហាប្រជាធិបតេយ្យ… ប្រជាធិបតេយ្យមិនមែនសម្រាប់យើងទេ»។
ជាការកត់សម្គាល់ រដ្ឋាភិបាលយោធាមួយនេះ បានរំលាយគណៈកម្មាធិការរៀបចំការបោះឆ្នោត កាលពីឆ្នាំមុន ហើយបន្ទាប់មក នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦នេះ, សភាជាតិបានរំលាយគណបក្សនយោបាយទាំងអស់។
យ៉ាងណា អង្គការសហប្រជាជាតិ បានជំរុញប្រទេសនេះ ផ្លាស់ប្តូរការសម្រេចចិត្ត ដែលហាមឃាត់គណបក្សនយោបាយ និង បញ្ឈប់ការគាបសង្កត់ លើលំហសេរីភាព របស់ប្រជាពលរដ្ឋ។
ចាប់តាំងពីឡើងកាន់អំណាចមក របបយោធា បួគីណាហ្វាសូ ដែលមានអរិភាពចំពោះប្រទេសលោកខាងលិច បានហាមឃាត់ ឬ ផ្អាកប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើន និង បណ្តេញអ្នកសារព័ត៌មានមួយចំនួន៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត