វៀតណាមគ្រោងប្រើប្រាស់សំណល់ផ្ទាស្ទិកប្រមាណ៤តោន ដើម្បីធ្វើផ្លូវដោយប្រើសំណល់ផ្លាស្ទិកកែច្នៃជាលើកដំបូង

វៀតណាម៖ សារព័ត៌មានវៀតណាមបានចុះផ្សាយថា អាជ្ញាធរទីក្រុង ហៃផុង ស្ថិតនៅភាគខាងជើងប្រទេស មានគម្រោងប្រើប្រាស់សំណល់ផ្លាស្ទិកដែលច្នៃឡើងវិញ ដើម្បីកសាងជាផ្លូវជាប់បានយូរនៅក្នុងក្រុងរបស់ខ្លួន ជាជាងបោះចោលសំណល់ផ្លាស្ទិកនៅទីលានចាក់សំរាម ។ 

ក្រុមហ៊ុនដែលសហការសាងសង់ផ្លូវធ្វើពីផ្លាស្ទិកជាមួយអាជ្ញាធរក្រុង ហៃផុង វៀតណាមនេះ គឺក្រុមហ៊ុន Dow ហើយបើតាមតំណាងក្រុមហ៊ុននេះ ផ្លូវធ្វើពីផ្លាស្ទិកកែច្នៃនេះ ជាភ័ស្តុតាងបង្ហាញថា កាកសំណល់ផ្លាស្ទិកនឹងក្លាយជាធនធានមានតម្លៃដែលអាចប្រើប្រាស់ឡើងវិញបាន ដែលជាការរួមចំណែកដល់ចរន្តសេដ្ឋកិច្ចវិលជុំនៃធនធានផ្លាស្ទិក ។ នៅប្រទេសវៀតណាមក្នុងមួយថ្ងៃៗ កាកសំណល់ផ្លាស្ទិកប្រហែល២.៥០០តោនត្រូវបានគេបោះចោល នេះបើយោងតាមតួលេខផ្លូវការរបស់រដ្ឋ ។

ប្រភពបន្តថា កំណាត់ផ្លូវធ្វើពីសំណល់ផ្លាស្ទិកប្រហែល១គីឡូម៉ែត្រដំបូងគេបង្អស់ គ្រោងនឹងសង់រួចរាល់ជាស្ថាពរនៅខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ ដោយប្រើសំណល់ផ្លាស្ទិកប្រមាណ ៤តោន ឬស្មើនឹងថង់ផ្លាស្ទិក១លានថង់ ។  ជាជំហានដំបូង បន្ទាប់ពីសាងសង់រួច កំណាត់ផ្លូវផ្លាស្ទិកដំបូងគេបង្អស់ នឹងត្រូវធ្វើតេស្តដោយសាកលវិទ្យាល័យជើងទឹករបស់វៀតណាម រួចហើយទើបអនុញ្ញាតឲ្យធ្វើការសាងសង់ជាបន្តបន្ទាប់ទៀត ។ គួរបញ្ជាក់ថា គំនិតផ្ដួចផ្ដើមខាងលើ ប្រសិនបើទទួលជោគជ័យ ត្រូវគេរំពឹងថា នឹងបង្កើតជាទីផ្សារសម្រាប់សំណល់ផ្លាស្ទិកនៅវៀតណាម ៕

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner