អ៊ីស្រាអែល ថា ត្រៀមកម្ទេចអ៊ីរ៉ង់ឡើងវិញ ជានិច្ច ទោះមានបទឈប់បាញ់
ហ្ស៊េរុយសាឡិម ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី អ៊ីស្រាអែល បាននិយាយ កាលពីថ្ងៃពុធ ថា ប្រទេសរបស់លោក នៅតែត្រៀមខ្លួន ដើម្បីវាយប្រហារ អ៊ីរ៉ង់ ជាថ្មី ប្រសិនបើជាចាំបាច់ ទៅះបីស្ថិតក្នុងពេលមានបទឈប់បាញ់ ក៏ដោយ។
នៅក្នុងសេចក្តីថ្លែងការណ៍ តាមទូរទស្សន៍, លោក Netanyahu បាននិយាយថា «អនុញ្ញាតឱ្យខ្ញុំ បង្ហាញច្បាស់ថា យើងនៅតែមានគោលបំណង ដើម្បីបញ្ចប់ មិនថា តាមរយៈកិច្ចព្រមព្រៀង ឬ តាមរយៈការប្រយុទ្ធ ជាថ្មី» ។
ការលើកឡើងនេះ បន្ទាប់ពីឥស្សរជនប្រឆាំងដ៏សំខាន់ របស់អ៊ីស្រាអែល លោក Yair Lapid បានហៅបទឈប់បាញ់ថា ជា «គ្រោះមហន្តរាយការទូត សម្រាប់អ៊ីស្រាអែល» ដោយ លោក និយាយថា លោក Netanyahu បានបរាជ័យ ក្នុងការសម្រេចបាន នូវគោលដៅ របស់ប្រទេសនេះ។
កន្លងមក លោក Netanyahu បានកំណត់ការលុបបំបាត់ ឬ យ៉ាងហោចណាស់ ការបង្ខូចទ្រង់ទ្រាយធ្ងន់ធ្ងរនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលត្រូវបានចាត់ទុកថា ជាគោលដៅកណ្តាលនៃសង្រ្គាម។ លោក Netanyahu ពណ៌នាថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺជា ការគំរាមកំហែង ដែលមានស្រាប់ ចំពោះអ៊ីស្រាអែល។
ជុំវិញការរិះគន់ពីខាងបក្សប្រឆាំង, លោកបញ្ជាក់ដែរថា អ៊ីរ៉ង់ បានចុះខ្សោយ ជាងពេលណាទាំងអស់។ លោក Netanyahu បញ្ជាក់ថា «យើងបានបំផ្លាញ មិនត្រឹមតែមីស៊ីល ដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងរោងចក្រ ដែលផលិត មីស៊ីល ផងដែរ។ អ៊ីរ៉ង់ កំពុងបាញ់អ្វី ដែលនៅសេសសល់ ក្នុងឃ្លាំងរបស់ខ្លួន ហើយឃ្លាំងស្តុកនោះ កំពុងធ្លាក់ចុះ ជាលំដាប់»៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
