រុស្ស៊ី និងអ៊ុយក្រែន រំលោភបំពានគ្នាជាង ៤ ពាន់ដង អំឡុងបទឈប់បាញ់ ៣២ ម៉ោង

កៀវ, មូស្គូ ៖ អំឡុងរយៈពេលនៃបទឈប់បាញ់ ៣២ ម៉ោង រុស្ស៊ី និងអ៊ុយក្រែនបានចោទប្រកាន់ដាក់គ្នាទៅវិញទៅមក អំពីការរំលោភបំពានបទឈប់បាញ់មួយនេះជាង ៤ ពាន់លើក ។

ការចោទប្រកាន់ដាក់គ្នាជុំវិញការបំពានបទឈប់បាញ់នេះ ត្រូវបានធ្វើឡើង ស្របពេលដែល ការព្រមព្រៀង មិនប្រយុទ្ធគ្នា ជាបណ្តោះអាសន្ន អំឡុងពិធីបុណ្យ Orthodox Easter បានបិទបញ្ចប់នៅត្រឹមថ្ងៃអាទិត្យ ទី១២ ខែមេសា ។

បើតាមអគ្គបញ្ជាការយោធាអ៊ុយក្រែន, គិតត្រឹមថ្ងៃទី១២ ខែមេសា ការបំពានបទឈប់បាញ់ចំនួន ២ ពាន់ ២៩៩ លើក ត្រូវបានកត់ត្រា ក្នុងនោះមានទាំងការបាញ់ផ្លោង, ការវាយប្រហារ ដោយយន្តហោះដ្រូនពីសំណាក់ភាគីរុស្ស៊ី ។

ផ្ទុយទៅវិញ ក្រសួងការពារជាតិរុស្ស៊ី បានចោទប្រកាន់ទីក្រុង កៀវ អំពីការរំលោភបំពានជិត ២ ពាន់លើកដូចគ្នា ក្នុងនោះ អ៊ុយក្រែន បានបាញ់ផ្លោងកាំភ្លើងធំ ឬរថក្រោះ ចំនួន ២៥៨ លើក និងព្រមទាំងទម្លាក់ គ្រាប់បែកប្រភេទផ្សេងៗគ្នាចំនួន ៣៧៥ លើកផងដែរ ។

ទីក្រុង មូស្គូ ក៏បានចោទប្រកាន់យោធាអ៊ុយក្រែន ថា បានបើក ការវាយប្រហារពេលយប់ ចំនួន ៣ ដង ប្រឆាំងនឹងទីតាំងរបស់រុស្ស៊ី និង ប៉ុនប៉ង ចំនួន ៤ ដង នៅតាមបណ្តោយជួរមុខ ។

បើតាម Al jazeera, នៅប៉ុន្មានខែ ថ្មីៗនេះ អាមេរិកបានចូលខ្លួនមកសម្របសម្រួលដើម្បីឲ្យមានការចរចា ប៉ុនប៉ងបញ្ចប់សង្គ្រាម ដែលអូសបន្លាយ ចូលដល់ឆ្នាំ ទី៥ ប៉ុន្តែ នៅតែបរាជ័យ ដោយសារតែ ការខ្វែងគំនិតគ្នា លើបញ្ហាទឹកដី ។

ការចរចាបានជាប់គាំងបន្ថែមទៀត ចាប់តាំងពីការផ្ទុះឡើង នៃសង្រ្គាម នៅមជ្ឈិមបូព៌ា ដោយសារតែ ការយកចិត្តទុកដាក់ របស់ទីក្រុងវ៉ាស៊ីនតោន បានផ្លាស់ប្តូរ ឆ្ពោះទៅរកសង្គ្រាមនៅអ៊ីរ៉ង់ វិញ៕

ប្រភពពី Al Jazeera, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner