ជប៉ុន ចង់បង្កើនកងទ័ពស្ត្រី ឲ្យកើនដល់ ១៣ភាគរយ

តូក្យូ ៖ ប្រទេស ជប៉ុន ចង់បង្កើនចំនួនស្ត្រី ក្នុងជួរយោធា ឱ្យបានកើនដល់ ១៣ភាគរយ ក្នុងចំណោមទាហានទាំងអស់ ហើយ ក៏កំពុងព្យាយាមបញ្ចុះបញ្ចូល មនុស្ស វ័យក្មេង ឱ្យចុះឈ្មោះចូលបម្រើកងទ័ព ។

យោងតាមក្រសួងការពារជាតិ ក្រោមការកំណត់គោលដៅថ្មី គួរតែមានស្ត្រីប្រហែល ១៣ភាគរយ ក្នុងជួរកងកម្លាំងស្វ័យការពារជាតិជប៉ុន ហៅកាត់ SDF ត្រឹមខែមីនា ឆ្នាំ២០៣៦ ពោលគឺ កើនពីអត្រា ៩ ភាគរយ នាពេលបច្ចុប្បន្ន។

ការជំរុញនេះកើតមានឡើង ចំពេលក្រសួងការពារជាតិជប៉ុន សន្យាកែលម្អលក្ខខណ្ឌសម្រាប់បុគ្គលិកស្រី ក្រោយផ្ទុះរឿងអាស្រូវបំពានផ្លូវភេទ ដោយអតីតទាហានស្រីម្នាក់ ដែលត្រូវបានចែករំលែកនៅលើកម្មវិធី YouTube។ ក្រសួងការពារជាតិជប៉ុន បញ្ជាក់ប្រាប់ AFP ដោយសង្កត់ធ្ងន់លើតម្រូវការ នៃតុល្យភាពជីវិតការងារ។

គួរបញ្ជាក់ថា ទីក្រុងតូក្យូ បានបង្កើនការចំណាយលើវិស័យការពារជាតិ និងព្យាយាមទាក់ទាញអ្នកចូលបម្រើកងទ័ពបន្ថែម ខណៈដែលក្តីបារម្ភ ចេះតែកើនឡើង ជុំវិញឥទ្ធិពលរបស់ចិននៅក្នុងតំបន់។

យ៉ាងណា កាតព្វកិច្ចដ៏គ្រោះថ្នាក់ ជាមួយនឹង ប្រាក់បៀរវត្សទាប ព្រមទាំង ការចូលនិវត្តន៍ត្រឹមអាយុ ៥៦ឆ្នាំ គឺជាកត្តាដែលធ្វើឱ្យយុវជនជប៉ុន មិនសូវចង់ចូលធ្វើជាទាហាន នេះបើតាមក្រុមមន្ត្រី និងអ្នកជំនាញ ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner