អ៊ីរ៉ង់ មិនបន្តចរចាជាមួយអាមេរិក នៅប៉ាគីស្ថាន

តេហេរ៉ង់ ៖ អ៊ីរ៉ង់ អះអាងថា មិនមានគម្រោង បញ្ជូនមន្ត្រីទៅចូលរួមកិច្ចចរចា ជាមួយអាមេរិក នៅប្រទេសប៉ាគីស្ថាន សម្រាប់ជុំបន្ទាប់ នោះទេ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា បច្ចុប្បន្ន អ៊ីរ៉ង់មិនមានគម្រោងចូលរួមកិច្ចចរចា ជាមួយសហរដ្ឋអាមេរិកទេ ពោល គឺ បន្ទាប់ពី លោក ប្រធានាធិបតី Donald Trump បានបញ្ជាឱ្យអ្នកចរចាអាមេរិក ធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន នៅថ្ងៃចន្ទនេះ។

ការបដិសេធរបស់អ៊ីរ៉ង់ កើតមាន ចំពេលដែលការបិទច្រក របស់អាមេរិក ចំពោះកំពង់ផែ អ៊ីរ៉ង់ គឺជាចំណុចជាប់គាំង ហើយ កាន់តែជាបញ្ហាស្មុគស្មាញ បន្ថែមទៀត បន្ទាប់ពី នាវាពិឃាតអាមេរិក កាលពីថ្ងៃអាទិត្យ បានបាញ់ និងរឹបអូស កប៉ាល់អ៊ីរ៉ង់ ដែលព្យាយាមគេចចេញ ពីការបិទផ្លូវនេះ។ ទីក្រុង តេហេរ៉ង់ បានព្រមានថា ខ្លួននឹងសងសឹក។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRIB កាលពីថ្ងៃអាទិត្យ បានដកស្រង់ ប្រភពពីអ៊ីរ៉ង់ ដោយនិយាយថា «បច្ចុប្បន្ន មិនមានគម្រោងចូលរួម នៅក្នុងជុំបន្ទាប់ នៃកិច្ចចរចា អ៊ីរ៉ង់-អាមេរិក ទេ» ។

ទីភ្នាក់ងារព័ត៌មាន Fars និង Tasnim បានដកស្រង់ប្រភពអនាមិកថា «បរិយាកាសទាំងមូល មិនអាចត្រូវបានវាយតម្លៃថា មានភាពវិជ្ជមានបានទេ» ដោយបន្ថែមថា ការដកការបិទផ្លូវ របស់សហរដ្ឋអាមេរិកគឺជាលក្ខខណ្ឌជាមុន សម្រាប់ការចរចា។

អ៊ីរ៉ង់ និង សហរដ្ឋអាមេរិក រួមជាមួយនឹងអ៊ីស្រាអែល នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងបញ្ចប់បទឈប់បាញ់ រយៈពេលពីរសប្តាហ៍ ។ រហូតមកដល់ពេលនេះ មានតែការចរចា រយៈពេល ២១ ម៉ោង តែ១ដងប៉ុណ្ណោះ ដែលបានធ្វើឡើង នៅទីក្រុង Islamabad កាលពីថ្ងៃទី ១១ ខែមេសា ហើយបញ្ចប់ ដោយមិនមានកិច្ចព្រមព្រៀង។

យ៉ាងណា លោក Trump បាននិយាយ កាលពីថ្ងៃអាទិត្យថា «យើងកំពុងផ្តល់ជូននូវកិច្ចព្រមព្រៀងដ៏ត្រឹមត្រូវ និង សមហេតុផល ហើយខ្ញុំសង្ឃឹមថា ពួកគេទទួលយកបាន» ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner