ស្ងាត់ៗ រដ្ឋមន្ត្រីមហាផ្ទៃរុស្ស៊ី ទៅដល់កូរ៉េខាងជើង

ព្យុងយ៉ាង ៖ រដ្ឋមន្ត្រីមហាផ្ទៃរុស្ស៊ី បានធ្វើដំណើរ ទៅដល់កូរ៉េខាងជើង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ លើការអនុវត្តច្បាប់ រវាងប្រទេសទាំងពីរ នេះបើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី ចេញផ្សាយ នៅថ្ងៃអង្គារ ទី២១ ខែមេសា នេះ។

សារព័ត៌មានរដ្ឋ Tass របស់រុស្ស៊ី រាយការណ៍ថា លោក Vladimir Kolokoltsev បានទៅដល់ទីក្រុងព្យុងយ៉ាង ក្នុងដំណើរទស្សនកិច្ចការងារ ដោយលោករដ្ឋមន្ត្រី នឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីសន្តិសុខសាធារណៈកូរ៉េខាងជើង គឺ លោក Pang Tu-sop ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងការអនុវត្តច្បាប់។

បើតាម Yonhap, កូរ៉េខាងជើង និង រុស្ស៊ី បាននិងកំពុងពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យយោធា, សេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត ចាប់តាំងពីប្រទេសទាំងពីរ បានចុះហត្ថលេខា លើសន្ធិសញ្ញាការពារជាតិ ទៅវិញទៅមក កាលពីខែមិថុនា ឆ្នាំ២០២៤។

ដំណើរទស្សនកិច្ច របស់ លោក Kolokoltsev ទំនងជាដំណើរទស្សនកិច្ច ទៅវិញទៅមក ដោយលោក Pang គ្រោងធ្វើដំណើរទៅកាន់ រុស្ស៊ី វិញ ក្នុងខែកញ្ញា ពោល គឺ នៅពេលដែលប្រទេសទាំងពីរ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើកិច្ចការសុវត្ថិភាពសាធារណៈ និងការអនុវត្តច្បាប់៕

ប្រភពពី Yonhap ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner