រដ្ឋមន្ត្រីការពារជាតិកម្ពុជា៖ ចិនបានបង្ហាញពីការគាំទ្រលើវិស័យយោធាកម្ពុជា និងធ្វើទំនើបកម្មយោធា ដែលនឹងពង្រឹងឃឿន ការពារជាតិ ដែនទឹក ដែនគោក និងដែនអាកាស

ក្នុងកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន
នាល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា វត្តមានរបស់ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តម នាយឧត្តមនាវី តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នឹងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ ការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងបាននិងកំពុងខិតខំកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា កម្ពុជាប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដោយប្រកាន់ខ្ជាប់ឥតងាករេនូវគោលការណ៍ចិនមួយ។

ប្រមុខការពារជាតិកម្ពុជាបានបញ្ជាក់ទៀតថា ក្នុងកិច្ចប្រជុំនេះ ភាគីមិត្តចិនបានបង្ហាញពីការគាំទ្រលើវិស័យយោធាកម្ពុជា ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា និងធ្វើទំនើបកម្មយោធា ដែលនឹងពង្រឹងឃឿនការពារជាតិ ដែនទឹក ដែនគោក និងដែនអាកាស៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

ads banner