អាល្លឺម៉ង់ ដាក់មហិច្ឆតាកសាងទ័ពខ្លាំងបំផុតរបស់អឺរ៉ុបនៅត្រឹមឆ្នាំ ២០៣៩
ប៊ែរឡាំង ៖ ប្រមុខការពារជាតិអាល្លឺម៉ង់បានប្រកាសក្តែងៗថា យុទ្ធសាស្ត្រយោធាថ្មីរបស់ឥន្ទី្រស្លាបដែកអាល្លឺម៉ង់ មានគោលបំណងធ្វើឲ្យកងទ័ពធម្មតាខ្លាំងបំផុតរបស់តំបន់អឺរ៉ុបនៅឆ្នាំ ២០៣៩ ដើម្បីទប់ទល់ឥទ្ធិពលរបស់ប្រទេសរុស្ស៊ី ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Boris Pistorius បានថ្លែងក្នុងសន្តិសិទសារព័ត៌មានមួយនៅទីក្រុង ប៊ែរឡាំង កាលពីថ្ងៃ ពុធ ថា អាល្លឺម៉ង់កំពុងបង្កើនចំនួនទាហានបំពេញកាតព្វកិច្ចសកម្ម ទាហានបម្រុង និងបុគ្គលិកស៊ីវិល ។
លោកថា គោលការណ៍ណែនាំរបស់យើង គឺគោលដៅបង្កើនចំនួនទាហានត្រៀមខ្លួនប្រយុទ្ធយ៉ាងហោចណាស់ ៤៦០.០០០ នាក់ ក្នុងនោះរួមទាំងកងកម្លាំងសកម្ម និងកងកម្លាំងបម្រុងផងដែរ ។
លោកបន្ថែមថា ការបង្កើនចំនួនទាហាននេះ គឺអាល្លឺម៉ង់ចង់ទទួលខុសត្រូវបន្ថែមទៀត នៅក្នុងអង្គការណាតូ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយផ្តល់អាទិភាពជាចម្បងដល់ប្រព័ន្ធការពារដែនអាកាស ។
បើតាមប្រមុខការពារជាតិអាល្លឺម៉ង់មានវ័យ៦៦ឆ្នាំរូបនេះ ការការពារដែនអាកាស សម្រាប់អាល្លឺម៉ង់ និងអង្គការណាតូ នឹងក្លាយជាវិស័យសំខាន់ ហើយថា តាមរយៈយានដ្រូនស្ទាក់ចាប់ ប្រព័ន្ធការពារដែនអាកាស ឬសូម្បីតែការការពារប្រឆាំងនឹងមីស៊ីលលឿនជាងសំលេង អាវុធទាំងនេះ នឹងក្លាយជាអាទិភាពខ្ពស់នៅក្នុងពេលប៉ុន្មានឆ្នាំខាងមុខ ។
គួរបញ្ជាក់ថា នៅឆ្នាំ ២០២៥ អាល្លឺម៉ង់បានដំឡើងកម្រិតចំណាយលើវិស័យយោធាដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដោយបានអនុម័តគម្រោងការពារជាតិប្រហែល ៥៨,៧៥ ពាន់លានដុល្លារ ជាមួយនឹងផែនការពង្រឹងវិស័យយោធាដ៏ទូលំទូលាយដែលមានគម្រោងថ្មីរហូតដល់ ៣២០ គម្រោង ។ ការចំណាយនេះ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងធ្វើទំនើបកម្ម និងឈានដល់គោលដៅចំណាយរបស់អង្គការណាតូ ៕


ប្រភព ៖ Anadolu Agency ប្រែសម្រួល ៖ ឈឹម ទីណា