ធនាគារជាតិនៃកម្ពុជាផ្ដើមធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រជាតិ ស្តីពីការរួមបញ្ចូលហិរញ្ញវត្ថុ ដើម្បីធានាដល់ការទទួលបានសេវាហិរញ្ញវត្ថុសមស្រប
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសចាប់ផ្ដើមធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រជាតិ ស្តីពីការរួមបញ្ចូលហិរញ្ញវត្ថុ (NFIS) សម្រាប់រយៈពេល ២០២៦-២០៣០ និងពិគ្រោះយោបល់ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ដើម្បីធានាដល់បុគ្គល គ្រួសារ និងអាជីវកម្មអាចទទួលបាន និងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុសមស្រប ប្រកបដោយប្រសិទ្ធភាព គាំទ្រដល់កំណើនប្រកបដោយចីរភាព ។

ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងថា ក្នុងរយៈពេល ២ទសវត្សរ៍កន្លងមកនេះ វិស័យហិរញ្ញវត្ថុនៅកម្ពុជា បានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ គឺចាប់ផ្តើមផ្តោតលើការកសាងទំនុកចិត្តឡើងវិញនៅក្នុងស្ថាប័នហិរញ្ញវត្ថុ ដោយកម្ពុជាបានអភិវឌ្ឍន៍ប្រព័ន្ធដែលមានស្ថេរភាព និងគាំទ្រដោយការច្នៃប្រឌិតឌីជីថលយ៉ាងឆាប់រហ័ស ។

ឯកឧត្តមបន្តថា ដោយឡែក ការធ្វើបច្ចុប្បន្នភាព NFIS បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់កម្ពុជាក្នុងការលើកកម្ពស់សេវាកម្មហិរញ្ញវត្ថុ ដែលមានលក្ខណៈរួមបញ្ចូលអាចចូលដំណើរការបាន និងមានទំនួលខុសត្រូវសម្រាប់ប្រជាជនកម្ពុជាទាំងអស់ បានឆ្លើយតបទៅនឹងតម្រូវការវិវត្តនៃសេដ្ឋកិច្ច និងសង្គម។ ការធ្វើបច្ចុប្បន្នភាព NFIS នឹងបន្តលើវឌ្ឍនភាពដែលសម្រេចបានក្រោមយុទ្ធសាស្ត្រមុន និងពង្រឹងបន្ថែមទៀត នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ដើម្បីធានាថា បុគ្គល គ្រួសារ និងអាជីវកម្មអាចទទួលបាន និងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុសមស្របប្រកបដោយប្រសិទ្ធភាព ដែលគាំទ្រដល់កំណើនប្រកបដោយចីរភាព ។

លោកស្រី Yasmin Siddiqi នាយកប្រចាំប្រទេសធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា បច្ចុប្បន្ន ពិភព លោកមិនទាន់មានភាពប្រាកដប្រជានៅឡើយដូចជា៖ នៅមជ្ឈឹមបូព៌ា ពាណិជ្ជកម្មសកល ការឡើងអតិផរណា និងអំណាចទិញជាដើម បានកំពុងរងផលប៉ះពាល់ ក្នុងនោះសម្រាប់ប្រទេសកម្ពុជា ជុំវិញការអភិវឌ្ឍក្នុងពេលបច្ចុប្បន្ន នឹងអាចមានផលជះដល់គ្រួសារ ក៏ដូចជាបុគ្គល អាចនឹងងាយរងគ្រោះបំផុតនៃការឡើងថ្លៃនេះ។ ប៉ុន្តែប្រទេសកម្ពុជាបានបង្ហាញទៅដល់ប្រទេសផ្សេងៗក្នុងតំបន់ អំពីការធ្វើបច្ចុប្បន្នភាពបរិយាបន្នហិរញ្ញវត្ថុ ដែលបានកំពុងដើរទៅមុខជានិច្ច។ ដូច្នេះការពង្រឹកលើវិស័យនេះ គឺជាចំណុចសំខាន់មួយ តែវាមិនអាចឆ្លើយតបបានគ្រប់គ្រាន់ទេ គឺទាមទារឱ្យរាជរដ្ឋាភិបាលគិតគូរលើវិស័យផ្សេងៗទៀត ដើម្បីទប់នឹងវិបត្តិទាំងនេះ ។

គួរបញ្ជាក់ថា នៅឆ្នាំ២០១៩ ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការយុទ្ធសាស្ត្រជាតិស្តីពីការរួមបញ្ចូលហិរញ្ញវត្ថុ (NFIS) ឆ្នាំ២០១៩-២០២៥ លើកដំបូង ដែលមានគោលបំណងបង្កើនការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុផ្លូវការពី ៥៩% ដល់ ៧០% និងកាត់បន្ថយគម្លាតនៃការដកចេញពីហិរញ្ញវត្ថុសម្រាប់ស្ត្រីពី ២៧% ដល់ ១៣%។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ រួមចំណែកដល់ធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពគ្រួសារ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ៕
អត្ថបទ៖ វណលុក
រូប៖ វ៉េង លីមហួត







