លោក ដូណាល់ ត្រាំ ត្រូវជម្លៀសខ្លួនចេញពីកម្មវិធីជាបន្ទាន់ ក្រោយមានគេប៉ងធ្វើឃាត
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានជម្លៀសខ្លួនចេញពីកម្មវិធីបន្ទាន់ បន្ទាប់ពីមានខ្មាន់កាំភ្លើងប៉ុនប៉ងធ្វើឃាតលើរូបលោក នេះបើយោងតាមសាក្សី និងអ្នករាយការណ៍ព័ត៌មានរបស់ AFP ។
ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅពេលលោកប្រធានាធិបតី Trump ហៀបនឹងឡើងថ្លែងសន្ទរកថាក្នុងកម្មវិធីជប់លៀងប្រចាំឆ្នាំរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន ដែលជាពិធីជួបជុំដ៏ធំរវាងអ្នកសារព័ត៌មាន និងមន្ត្រីជាន់ខ្ពស់នៅទីក្រុងវ៉ាស៊ីនតោន កាលពីយប់ថ្ងៃទី២៥ ខែមេសា ។
ក្រោយមានសូរសំលេងផ្ទុះខ្លាំងៗជាបន្តបន្ទាប់ បានបន្លឺឡើងនៅក្នុងសាលពិធី ភ្លាមៗនោះ ក្រុមភ្នាក់ងារការពារសុវត្ថិភាពបានស្ទុះទៅការពារលោក Trump និងបាននាំលោកចាកចេញពីវេទិកា រួចជម្លៀសចេញពីទីតាំងពិធីជប់លៀងនោះយ៉ាងលឿនបំផុត ដើម្បីធានាសុវត្ថិភាព ។
ការរំខានដោយសារបញ្ហាសន្តិសុខដ៏មិននឹកស្មានដល់នេះ បានធ្វើឲ្យកម្មវិធីទាំងមូលត្រូវផ្អាកភ្លាមៗ ។ បើតាមប្រភពពីក្រុមអ្នករៀបចំកម្មវិធី, ជនសង្ស័យមានជាប់ពាក់ព័ន្ធនឹងហេតុការណ៍បាញ់ប្រហារនេះ ត្រូវបានចាប់ឃុំខ្លួន ។
ផ្អែកតាម CNA, ភ្លាមៗ មិនទាន់មានសេចក្តីរាយការណ៍ពីមនុស្សស្លាប់ ឬរងរបួស ក៏ដូចជាមូលហេតុនៅពីក្រោយហេតុការណ៍បាញ់ប្រហារនេះនៅឡើយទេ ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា



